ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក សន្យាថា នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជាបន្ថែមទៀត ក្នុងអាណត្តិរបស់លោក

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីចូលរួមអបអរសាទរនៃខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានគោរពអញ្ជើញឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អញ្ជើញពិនិត្យ និងវាយតម្លៃលើសមិទ្ធផលដែលសម្រេចបានកើតចេញពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ជាមួយ USAID ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និង Kansas State University ក្នុងរយ:ពេលកន្លងមក។

ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការបានឲ្យដឹងគឺ៖ ទី១- ពិនិត្យការតាំងបង្ហាញម៉ាស៊ីនកសិកម្មធុនតូច និងឧបករណ៍ដាំប៉េងប៉ោះ ដែលផ្តល់ដោយ USDA និងក្រុមហ៊ុនឯកជនសហរដ្ឋអាមេរិក។ ទី២- ពិនិត្យស្ថានីយ៍វារីវប្បកម្ម និងស្ថានីយ៍ពិសោធន៍ស្រាវជ្រាវការចិញ្ចឹមសត្វ។ ទី៣- ពិនិត្យផ្ទាំង Poster ស្តីពីគម្រោងនានាដែលបានឧបត្ថម្ភដោយ USAID ហើយសហការអនុវត្តន៍ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ទី៤- ពិនិត្យ និងសម្ពោធស្រះចិញ្ចឹមត្រី និងឧបករណ៍សម្ភារដែលទើបសាងសង់រួច រួចប្រកាសដាក់ឱ្យប្រើប្រាស់សម្រាប់និស្សិត និងសាស្រ្តាចារ្យធ្វើការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមត្រីដល់កសិករ និងមន្ត្រីបច្ចេកទេស។

ឯកឧត្តមវេង សាខុន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលផលិតចេញពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក ជាមួយព្រះរាជាណា ចក្រកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា តាមរយ:សមិទ្ធផលដ៏ធំធេងនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ យូអង្វែងរវាងប្រទេសទាំងពីរដែលមានអាយុ ៧០ឆ្នាំមកហើយ។

ភ្ជាប់ទៅនឹងសមិទ្ធផលនេះផងដែរ តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។ ដោយឡែកចំពោះវិស័យកសិកម្ម ជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេក ទេស និងហិរញ្ញវត្ថុពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ:ទីភ្នាក់ងារ USAID អនុវត្តគម្រោងសំខាន់ៗដូចដែលឯកឧត្តមសាកលវិទ្យាធិការបានរាយការណ៍ជូនជ្រាបខាងលើ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា លទ្ធផលបានពីការអនុវត្តគម្រោងដែលទទួលបានការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះបានរួមចំណែកយ៉ាងធំធេងក្នុងការផ្សព្វផ្សាយ ផ្ទេរ ឬបញ្រ្ជាបបច្ចេកទេសទំនើប ទាន់សម័យ និងសមស្របទៅតាមស្ថានភាពភូមិសាស្រ្ត ដី ទឹក ក្សេត្របរិស្ថាន និងភាតរបរិស្ថាន ក្នុងបំណងបង្កើនផលិតភាពផលិតកម្ម គុណភាព សុវត្ថិភាព ស្របតាមស្តង់ដាទីផ្សារក្នុង និងក្រៅស្រុក និងឈានទៅលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយការពឹងអាស្រ័យទាំងស្រុងលើធនធានមច្ឆជាតិពីប្រភពធម្មជាតិ តាមរយ:បង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម។ល។

ជាថ្មីម្តងទៀត តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាព និងជាពិសេសវិស័យឯកជនរបស់សហរដ្ឋអាមេរិក នឹងមកវិនិយោគលើវិស័យកសិកម្មកាន់តែច្រើនឡើងថែមទៀតនាពេលអនាគត។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានធ្វើចំណាប់អារម្មណ៍ប្រកបដោយខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅពាក់ព័ន្ធនឹងកម្មវិធីនាពេលនេះ និងជាពិសេសទាក់ទងចំណងការទូតរវាងប្រទេសទាំងពីរដែលមានអាយុ ៧០ឆ្នាំ ហើយតាមរយ:ចំណងការទូតនេះធ្វើឱ្យយើងមានថ្ងៃនេះ ហើយដែលសមិទ្ធផលទទួលបានពីកិច្ចសហប្រតិបត្តិការនេះ បានចូលរួមចំណែកយ៉ាងមាន ប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស ដែលពួលគេនឹងចូលជាចលករក្នុងការរុញច្រាន ពន្លឿនវិស័យកសិករឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត សន្យាថា នឹងបន្តជួយឧបត្ថម្ភគាំទ្រដើម្បីអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀតក្នុងអាណត្តិរបស់លោក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner