អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បានប្រកាសពីការចាប់ផ្តើមអនុវត្តន៍យុទ្ធនាការសម្អាតបរិស្ថាន និងប្រមូលសំណល់ប្លាស្ទិកនៅបឹងទន្លេសាប

សៀមរាប ៖ ពិធីបើកយុទ្ធនាការនៅឆ្នាំ២០២១នេះ អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បានប្រកាសពីការចាប់ផ្តើមអនុវត្តន៍យុទ្ធនាការសម្អាតបរិស្ថាន និងប្រមូលសំណល់ប្លាស្ទិកនៅបឹងទន្លេសាបនារដូវទឹកសម្រក និងចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក» ដែលរៀបចំឡើងនៅសហគមន៍មេជ្រៃ ស្ថិតនៅបរិវេណវត្តមេជ្រៃ ភូមិពាមតាអ៊ួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

អញ្ជើញចូលរួមក្នុងឱកាសនោះមាន លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរទេសចរណ៍ និងលោក ស៊ា សុផល ប្រធានគម្រោងអង្ករប្តូរយកប្លាស្ទិក និងស្ថាប័ណ្ណពាក់ព័ន្ធជាច្រើន ព្រមទាំង បងប្អូនប្រជាពលរដ្ខជាង ៣០០នាក់ បានមកទទួលអង្ករដូរជាមួយថង់ប្លាស្ទីកផងដែរ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានកោតសរសើរជាខ្លាំងចំពោះគម្រោងប្លាស្ទិកដូរយកអង្ករនេះ គឺជាគម្រោងដែលបានចូលរួមនឹងជំរុញឲ្យមានភាពស្អាត និងបៃតងនៅតាមតំបន់បឹងទន្លេសាប និងតំបន់ផ្សេងៗទៀត ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាឱ្យកាន់តែច្រើនឡើងថែមទៀត។ លោកជំទាវ បានបង្ហាញទៀតថា យុទ្ធនាការនៅឆ្នាំនេះ នឹងបន្តជំរុញ ដើម្បីលើកទឹកចិត្តដល់ប្រជាសហគមន៍ ឱ្យពូកគាត់ចូលរួមសម្អាតសំណល់ប្លាស្ទិក និងធ្វើការទុកដាក់បែងចែកញែកសំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ ហាមមិនឱ្យដុត និងបោះចោលក្នុងទឹកទន្លេសាបឡើយ។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី មានប្រសាសន៍ថា អង្គការមូលនិធិទំពាំងស្នងឫស្សី បានផ្តួចផ្តើមយុទ្ធនាការប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកឡើង និងរដូវទឹកសម្រក គឺចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមរយៈសហគមន៍នានាជុំវិញបឹងទន្លេសាប ដូចជាសហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លុក និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប។ លោក បានបញ្ជាក់ថា តាមរយៈក្រុមយុវជនស្ម័គ្រចិត្តមេត្រីបរិស្ថានបឹងទន្លេសាប ឬហៅថា TONLE SAP WARRIORS បានចុះអប់រំសហគមន៍ឱ្យចេះវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវហើយ គឺយើងឈានដល់ការបង្កើតជង្រុកប្លាស្ទិកជាផ្លូវការនៅសហគមន៍មេជ្រៃនៅក្នុងឆ្នាំ២០២០ ក្នុងទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ដើម្បីគាំទ្រដល់ គម្រោងប្លាស្ទិកប្ដូរយកអង្ករ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន ដែលគម្រោងនេះទទួលបានជោគជ័យដ៏ត្រចេះត្រចង់រួចមកហើយ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner