ស្ពៃក្តោបសហគមន៍តំបន់ការពារធម្មជាតិភ្នំទំព័រចាប់ផ្តើមល្បីឈ្មោះលើទីផ្សារថាមានរស់ជាតិឆ្ងាញ់

ខេត្តពោធិ៍សាត់៖ដំណាំស្ពៃក្តោបសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តភូមិទំព័រ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុង​មាន​ឈ្មោះ​បោះ​សម្លេងថាមាន​រស់ជាតិ​ស្រួយ​ឆ្ងាញ់​ ដែល​អ្នកធ្លាប់​បរិភោគ​នៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានាបានបង្ហាញការកោតសរសើរ។

ស្ពៃក្តោបភ្នំទំព័រ បានដាំឡើងតាមគោលការណ៍ធម្មជាតិ តាមចំការតូចៗក្បែរផ្ទះប្រជាពលរដ្ឋ​។

​            អ្នកស្រី ប៉េន ស៊ីថុល និងស្វាមី លោក កែវ ពក ជាកសិករអ្នកដាំស្ពៃក្តោបក្នុងសហគមន៍តំបន់ការពារធម្មជាតិភូមិភ្នំទំព័រគឺកំពុងទទួលបានការបញ្ជាទិញពីអតិថិជនជាច្រើនក្នុងមូលដ្ឋាន នៅខេត្តបាត់ដំបង ពោធិ៍សាត់ និងនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នទីផ្សារស្ពៃក្តោបរបស់អ្នកស្រីបានលក់ដាច់ រហូតពេលខ្លះផ្តគ់ផ្គង់ទីផ្សារពុំទាន់ថែមទៀត។ វាមានភាពផ្ទុយគ្នាស្រឡៈដែលកាលពីមុននេះអ្នកស្រីនិងស្វាមីរកទីផ្សារសឹងមិនបាន ដោយសារមិនបានផ្សព្វផ្សាយ និងអតិថិជនមិនទាន់បានភ្លក់រស់ជាតិស្ពៃក្តោបនៃសហគមន៍ភូមិទំព័រនៅឡើយ។

          អ្នកស្រី ប៉េន ស៊ីថុល បានរៀបរាប់ថាគាត់បានដាំស្ពៃក្តោបក្នុងទំហំដីប្រមាណ ៤០គុណនឹង៤០ម៉ែត្រ (១រ៉ៃ) ដែលដាំក្នុងរោង រយៈពេលពី៧០ទៅ១១០ថ្ងៃ អាចរកប្រាក់ចំណូលបាន១៥លានរៀល។ក្នុងនេះគាត់លក់ក្នុងមួយថ្ងៃបាន៥០គីឡូក្រាម ហើយថ្ងៃខ្លះអតិថិជនបានកុម៉្មង់ច្រើនជាងនេះពួកគាត់មិនអាចផ្គត់ផ្គង់ដល់អតិថិជនតាមតម្រូវការទៀតផង។ គាត់អាចលក់ស្ពៃក្តោបបានតម្លៃ៥០០០ពាន់រៀលក្នុង១ គីឡូក្រាម។ ហើយក្នុងមួយថ្ងៃអ្នកស្រី និងស្វាមីអាចផ្គត់ផ្គង់ឲ្យអតិថិជនបានត្រឹមតែ៥០គីឡូក្រាមប៉ុណ្ណោះ ហើយពេលខ្លះតម្រូវឲ្យអតិថិជនរង់ចាំការបញ្ជាទិញផងដែរ។

          ដោយសារតម្រូវការទីផ្សារស្ពៃក្តោបកាន់តែច្រើន នៅថ្ងៃខាងមុខ អ្នកស្រីបានគិតជាមួយស្វាមីមានគម្រោងថានឹងពង្រីកផ្ទៃដីក្នុងការដាំស្ពៃក្តោបលើដីឲ្យបានទំហំ២ហិចតាបន្ថែមទៀតនៅឆ្នាំក្រោយសំដៅធ្វើយ៉ាងផ្គត់ផ្គង់លើទីផ្សារនិងអាចរកប្រាក់ចំណូលកាន់តែច្រើន។

          ស្រ្តីកសិករអ្នកដាំស្ពៃក្តោបឈានមុខគេក្នុងសហគមន៍វ័យ៣៣ឆ្នាំ រូបនេះបានឱ្យដឹងបន្ថែមថា កាលពីមុននេះអ្នកស្រីជួបការលំបាកដោយសារការដាំដំណាំបានផលហើយ ពុំមានទីផ្សារ និងពិសេសការលក់ចេញបានតម្លៃថោក ទើបអ្នកស្រីទទួលការសហការពីក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ និងអង្គការជាដៃគូមួយចំនួនជួយផ្សព្វផ្សាយផលិតផលសហគមន៍ភូមិទំព័រ។

          សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ មានសមាជិក១១១គ្រួសារ ក្នុងនោះ សមាជិកចំនួនជាង១០គ្រួសារ បានដាំដុះស្ពៃក្តោបផ្គត់ផ្គង់ទីផ្សារតាមរយៈសហគមន៍។ រដូវដំណាំស្ពៃក្តោមនៅក្នុងសហគមន៍ចាប់ផ្តើមពីខែមិថុនា ហើយចាប់ពីខែតុលាដល់ខែធ្នូជាពេលប្រមូលផល។

         លោក កែវពកស្វាមីអ្នកស្រី ប៉េនស៊ីថុលបានឱ្យដឹងថាបច្ចុប្បន្នពួកគាត់បានដាំដំណាំផ្សេងៗដូចជាពោត ចេក ល្ហុង ខ្នុរ ម្ទេសស្វាយលើផ្ទៃដី១ហិកតាកន្លះ ក្នុងនេះអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ជាមធ្យម ១២លានរៀល ក្នុងរយៈពេលនៃរដូវក្រៅពីដំណាំស្ពៃក្តោបផងដែរ។

     លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានឱ្យដឹងថា​ប្រជាកសិករ​នៅ​តំបន់​នេះ​មួយចំនួន​ដែល​ធ្លាប់​ប្រក​បរបរ ចូល​ព្រៃ​កាប់​ឈើ និង​បរបាញ់​សត្វព្រៃ ហើយ​ដែល​បច្ចុប្បន្ន​បាន​ផ្លាស់ប្តូរ ងាក​មក​ប្រក​បរបដាំដំណាំកសិកម្ម ជាពិសេស​ដាំ​បន្លែរ​បែប​ធម្មជាតិ​វិញ។ ពួកគាត់មានទឹកចិត្តសប្បាយរីករាយនៅពេល​បន្លែ​របស់​ពួកគាត់​ទទួលបាន​ទិន្នផល​ខ្ពស់ ​ហើយ​តម្លៃ​ទីផ្សារល្អ ​ដែល​ធ្វើឱ្យ​ជីវភាព​គ្រួសារ​ពួកគាត់មានការផ្លាស់ប្តូរ​។​

          លោកថាក្រៅពីដំណាំស្ពៃក្តោប សហគមន៍ភូមិទំព័របានលើកទឹកចិត្តឲ្យសមាជិកចិញ្ចឹមសត្វ និងដាំដំណាំដែលមានទីផ្សារ និងក៏សំណូមពរឲ្យអតិថិជនបញ្ជាទិញផលិតផលសហគមន៍ឲ្យបានច្រើនថែមទៀត។

       សូមបញ្ជាក់ថាកន្លងមកសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រទទួលបានការគាំទ្រពីគម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថានលើកិច្ចការងារមួយចំនួនរាប់ចាប់ពីការគាំទ្រដំណើរការនៃការរៀបចំឡើងវិញតំបន់ការពារធម្មជាតិ ការរៀបចំស្តារដាំរុក្ខជាតិក្រវាញឡើងវិញនិងការពង្រឹងសមត្ថភាពគណៈកម្មការនិងសមាជិកសហគមន៍ក្នុងកិច្ចការពារគ្រប់គ្រងតំបន់ការពារធម្មជាតិនិងជម្រុញជីវភាពសហគមន៍ឲ្យមានភាពប្រសើរឡើងដោយមានការផ្តល់ជាពូជមាន់និងពូជគោជាដើម៕ ដោយ៖ម៉ាដេប៉ូ  

   

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner