ប៉ូលីសសិង្ហបុរីចាប់ខ្លួនបុរស ២២ នាក់ក្នុងប្រតិបត្តិការបង្រ្កាបលើការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអ៊ិនធឺណិត
កងកម្លាំងប៉ូលីសសិង្ហបុរី (SPF) និយាយកាលពីថ្ងៃសៅរ៍ថា បុរស ២២ នាក់ដែលមានអាយុចន្លោះពី ១៩ ទៅ ៥២ ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការមួយដែលមានគោលដៅបង្រ្កាបលើសកម្មភាពកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអ៊ិនធឺណិត។
កងកម្លាំងប៉ូលីស SPF និយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ពួកគេត្រូវបានសង្ស័យថាកាន់កាប់ និងប្រើប្រាស់សម្ភារៈបំពានលើកុមារ ចែកចាយសម្ភារៈបំពានលើកុមារ ចែកចាយនិងកាន់កាប់រូបភាពអាសអាភាស។ បុរសប្រាំមួយនាក់ទៀតក៏កំពុងជួយប៉ូលិសក្នុងការស៊ើបអង្កេតចំពោះរូបភាពអាសអាភាស និងបទល្មើសក្រោមច្បាប់ភាពយន្ត»។
មន្ត្រីមកពីនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម បានធ្វើការចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការរយៈពេល ៤ សប្តាហ៍នៅទីតាំងផ្សេងៗគ្នា។ ប៉ូលីសនិយាយថា៖ «ឧបករណ៍អេឡិចត្រូនិក រួមទាំងកុំព្យូទ័រ ទូរស័ព្ទដៃ និងដ្រាយវ៍រឹង ត្រូវបានរឹបអូស»។
យោងតាមក្រមព្រហ្មទណ្ឌសិង្ហបុរី ជនណាដែលរកឃើញថាមានពិរុទ្ធពីបទកាន់កាប់ ឬទទួលបានសម្ភារៈរំលោភបំពានលើកុមារ ហើយដឹងឬមានហេតុផលជឿថាសម្ភារៈនោះជាសម្ភារៈរំលោភបំពានកុមារ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ ព្រមទាំងពិន័យជាប្រាក់ផងដែរ។
ចំពោះការជួល ចែកចាយ បញ្ជូនតាមមធ្យោបាយអេឡិចត្រូនិក ការដាក់តាំងបង្ហាញជាសាធារណៈ ឬក្នុងលក្ខណៈណាមួយដែលដាក់ឱ្យចរាចរ ឬសម្រាប់គោលបំណងនោះមាននៅក្នុងកម្មសិទ្ធិរបស់ខ្លួន នូវវត្ថុអាសអាភាសណាមួយ ជនល្មើសអាចជាប់ពន្ធនាគាររហូតដល់បីខែ ឬពិន័យជាប្រាក់ ឬអាចទាំងពីរ។ បទល្មើសនៅក្រោមច្បាប់ភាពយន្ត មានការផាកពិន័យរហូតដល់ ២០ ០០០ ដុល្លារសិង្ហបុរី ជាប់ពន្ធនាគាររហូតដល់ប្រាំមួយខែ ឬទាំងពីរ។
កងកម្លាំងប៉ូលីស SPF រៀបរាប់ថា៖ «ប៉ូលីសនឹងបន្តចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងសកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ិនធឺណិត រួមទាំងការកាន់កាប់ និងការចែកចាយសម្ភារៈរំលោភបំពានកុមារ។ អ្នកដែលត្រូវបានរកឃើញថាចូលរួមក្នុងសកម្មភាពបែបនេះ នឹងត្រូវបានដោះស្រាយយ៉ាងម៉ឺងម៉ាត់តាមច្បាប់»។

ប្រភព៖ CNA