អង្គប្រជុំវិសាមញ្ញព្រឹទ្ធសភាគាំទ្រច្បាប់សញ្ជាតិខ្មែរតែមួយ (Video Inside)
ព្រឹទ្ធសភាបានគាំទ្រទាំងស្រុង នូវច្បាប់សញ្ជាតិខ្មែរតែមួយដោយសម្លេងឯកច្ឆ័ន្ទចំនួន៥២សំឡេង។ កិច្ចប្រជុំ ព្រឹទ្ធសភាវិសាមញ្ញថ្ងៃទី២វិច្ឆិកា ដែលគាំទ្រមាត្រាវិសោធនកម្មមាត្រា១៩ថ្មី, មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្ម នុញ្ញបន្ថែមនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
គួរបញ្ជាក់ថាច្បាប់ធ្វើវិសោធនកម្មកំណត់អ្នកដឹកនាំកំពូលស្ថាប័នជាតិទាំង៤ឲ្យមានសញ្ជាតិខ្មែរតែមួយនេះ កាល ពីថ្ងៃទី២៥តុលា បានទទួលការអនុម័តទាំងស្រុងពីស្ថាប័នរដ្ឋសភារួចមកហើយក្នុងសម្លេងគាំទ្រឯកច្ឆ័ន្ទ១១១ សំឡេង។ មេដឹកនាំស្ថាប័នកំពូលៗទាំង៤ ដែលច្បាប់បានស្នើកំណត់សញ្ជាតិខ្មែរតែមួយនោះ រួមមានប្រធាន រដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្រ្តី និងប្រធានក្រុម ប្រឹក្សាធម្មនុញ្ញ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តួចផ្តើមគំនិតលើការស្នើច្បាប់នេះ បានថ្លែងបញ្ជាក់មុននេះថា គំនិត ផ្តួចផ្តើមស្នើច្បាប់នេះ គឺដើម្បីបញ្ចៀសការជ្រៀតជ្រែករបស់បរទេសលើកិច្ចការផ្ទៃក្នុង របស់កម្ពុជា ក៏ដូចជាការ បង្ហាញនូវភក្តីភាពសម្រាប់ជាតិរបស់មេដឹកនាំនៃស្ថាប័នកំពូលទាំង៤របស់ជាតិកម្ពុជាផងដែរ៕