លោក ចូ បៃដិន រិះគន់ចំៗលើចិន និងរុស្ស៊ីចំពោះការខកខានចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ

ក្លាសហ្គូវ៖ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានថ្លែងរិះគន់ចិន និងរុស្ស៊ីចំពោះការបរាជ័យដែលចង់ដើរតួជាអ្នកដឹកនាំ ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ខណៈដែលមេដឹកនាំប្រទេសទាំងពីរអវត្តមានក្នុង​សន្និសីទស្តីពីអាកាសធាតុលើកទី២៦ របស់អង្គការសហប្រជាជាតិ (COP26) ដែលធ្វើនៅទីក្រុងក្លាសហ្គូវ ប្រទេសស្កុតលែន។

លោក បៃដិន បានបរិហារចិន និងរុស្ស៊ីនៅក្នុង​សន្និសីទ​សារព័ត៌មានមួយថា នេះជាបញ្ហាដ៏ធំមួយ តែពួកគេ (ចិន និងរុស្ស៊ី) បែរជាដើរចេញទៅវិញ។ តើអ្នកគួរធ្វើយ៉ាងណា ដើម្បី​បង្ហាញថា អ្នកមានភាពជាអ្នកដឹកនាំ? នេះជា​កំហុស​ដ៏​ធំ​មួយ​ដែល​ចិន​មិន​បង្ហាញ​ខ្លួន ព្រោះ​ពិភពលោកទាំងមូលកំពុងសម្លឹងមើលការខិតខំរបស់ចិនក្នុងការដោះស្រាយរឿងនេះ។ ចំពោះរុស្ស៊ីវិញ លោក បៃដិន បានវាយប្រហារថា រុស្ស៊ីកំពុងតែជួបប្រទះនឹងបញ្ហាគ្រោះធម្មជាតិយ៉ាង​ធ្ងន់​ធ្ងរ ​ដូចជាភ្លើងឆេះព្រៃដែលកើតក្រោយរលកកម្តៅនៅតំបន់ស៊ីបេរីជាដើម។ ក៏ប៉ុន្តែរុស្ស៊ីបែរជា​ស្ងាត់​ស្ងៀម​មិនលើកយករឿងទាំងនោះមកដោះស្រាយសោះ។ ចិន​ជា​ប្រទេស​បញ្ចេញ​កាបូនឌីអុកស៊ីត​ធំ​ជាង​គេ​លើ​ពិភពលោក បន្ទាប់​មក​គឺសហរដ្ឋ​អាមេរិក ខណៈរុស្ស៊ី​ជា​ប្រទេស​ធំ​ទី ៥ ​បន្ទាប់​ពីសហភាពអឺរ៉ុប និង​ឥណ្ឌា។

សូមជម្រាបថា រដ្ឋបាលលោក បៃដិន ​កំពុងព្យាយាមស្ដារទំនុកចិត្តរបស់ពិភពលោកមកលើសហរដ្ឋអាមេរិក​ឡើង​វិញ បន្ទាប់ពីអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស។ អាមេរិកក៏បានប្ដេជ្ញាចិត្តសម្រេចគោលដៅអព្យាក្រឹត្យកាបូននៅត្រឹមឆ្នាំ ២០៥០ ផងដែរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner