តាមរយៈកិច្ចព្រមព្រៀងកាត់បន្ថយឧស្ម័នមេតាន និងការកាប់បំផ្លាញព្រៃឈើ COP26 ផ្ដល់ក្ដីសង្ឃឹមបន្ទាប់ពីការចាប់ផ្ដើមអាប់អួ
ថ្ងៃអង្គារសប្ដាហ៌នេះ មេដឹកនាំបណ្ដាប្រទេសជុំវិញពិភពលោក ដែលបានប្រមូលផ្ដុំនៅកិច្ចប្រជុំកំពូលប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ COP26 យល់ព្រមទៅលើកិច្ចព្រមព្រៀងមួយចំនួនដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងខ្លាំងជាពិសេសសារធាតុមេតាន ដែលការយល់ព្រមនេះអាចជួយកសាងសន្ទស៍ក្នុងការចរចាដ៏ពិបាកជាងពីរសប្ដាហ៍ខាងមុខនេះ ដើម្បីបញ្ចៀសគ្រោះមហន្តរាយនៃការកើនឡើងកម្ដៅ។
ប្រទេសចំនួន ១០៥ បានចុះហត្ថលេខាលើ Global Methane Pledge ដែលជាការសន្យាដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នមេតានយ៉ាងហោចណាស់បាន ៣០ ភាគរយត្រឹមឆ្នាំ ២០៣០។ រដ្ឋបាលប្រធានាធិបតីអាមេរិកលោកចូ បៃដិនបាននិយាយថាខ្លួនរំពឹងថាចំនួនហត្ថលេខីនឹងកើនឡើង។ អវត្តមានគួរឱ្យកត់សម្គាល់ក្នុងចំណោមហត្ថលេខីរួមមានប្រទេសបញ្ចេញឧស្ម័នមេតានច្រើនជាងគេដូចជាប្រទេសចិន រុស្សី អូស្ត្រាលី និងឥណ្ឌា។
ការបញ្ចេញឧស្ម័នមេតានពីការជីក និងចម្រាញ់ឥន្ធនៈផូស៊ីល ការចិញ្ចឹមបសុសត្វ និងការសាយភាយពីកន្លែងចាកសំរាម ក្នុងរយៈពេលខ្លីអាចបង្កើនកម្ដៅអាកាសធាតុលឿនជាងកាបូនឌីអុកស៊ីតរហូតទៅដល់ ៨០ ដង។
នៅថ្ងៃអង្គារដដែលមេដឹកនាំជាង ១០០ ប្រទេសបានធ្វើការសន្យាធ្វើការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើឱ្យបានត្រឹមឆ្នាំ ២០៣០ ដោយបានយល់ព្រមទៅលើកិច្ចព្រមព្រៀងយ៉ាងទូលំទូលាយដែលមានគោលបំណងការពារ ៨៥% នៃព្រៃឈើរបស់ពិភពលោក។
ព្រៃឈើរាប់លានហិតាត្រូវបានបាត់បង់ក្នុងការកាប់បំផ្លាញដើម្បីបំពេញតម្រូវការដាំដុះសណ្ដែកសៀង ដូងប្រេង ការចិញ្ចឹមបសុសត្វ និងផលិតផលឈើ។ ការកាប់បំផ្លាញព្រៃឈើគួរឱ្យកត់សម្គាល់បំផុតនោះគឺនៅប្រទេសប្រេស៊ីល ដែលបន្ទាប់ការចូលកាន់អំណាចរបស់លោកប្រធានាធិបតីចែរ បូលសូណារ៉ូ បានឃើញការកើនឡើងយ៉ាងខ្លាំងនៃការកាប់បំផ្លាញព្រៃអាម៉ាហ្សូន។ ប្រេស៊ីលបានយល់ព្រមចូលរួមកិច្ចព្រមព្រៀងខាងលើ។
ផែនការនេះគឺផ្ដោតលើកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការលើកទឹកចិត្តហិរញ្ញវត្ថុក្នុងការកាប់ព្រៃឈើ ដោយរដ្ឋាភិបាលចំនួន ១២ សន្យាថានឹងផ្ដល់ប្រាក់ចំនួន ១២ ពាន់លានដុល្លារ ហើយក្រុមហ៊ុនឯកជនមួយចំនួនបានសន្យាចំនួន ៧ ពាន់លានដុល្លារដើម្បីគាំទ្រការការពារ និងការស្ដារព្រៃឈើឡើងវិញ។
ប៉ុន្តែអង្គការបរិស្ថានមួយចំនួនបានរិះគន់កិច្ចព្រមព្រៀងកាលពីថ្ងៃអង្គារ ដោយនិយាយថាវានឹងអនុញ្ញាតឱ្យការកាប់បំផ្លាញព្រៃឈើបន្ត ហើយបានកត់សម្គាល់ថាកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នាបានបរាជ័យក្នុងអតីតកាល។
ក្នុងបញ្ចប់ការថ្លែងសុន្ទរកថាមេដឹកនាំពិភពលោកជាងពីរថ្ងៃ លោកបៃដិន បាននិយាយថាសហរដ្ឋអាមេរិកប្ដេជ្ញាធ្វើធ្វើជាដៃគូរសម្រាប់ប្រទេសងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ហើយជឿជាក់ថាគោលនយោបាយក្នុងស្រុករបស់លោកនឹងដើរទៅមុខ បើទោះបីជាមានកង្វះការ គាំទ្រក៏ដោយ។
លោកបៃដិនក៏បានឆ្លៀតឱកាសតិះដៀលប្រទេសចិនចំពោះការមិនចូលរួមរបស់លោកប្រធានាធិបតីស៊ី ជីនពីង។ លោកបៃដិន៖ «ការដែលចិនកំពុងព្យាយាមប្រកាសតួនាទីថ្មីក្នុងពិភពលោក ជាមេដឹកនាំពិភពលោក ហើយមិនបង្ហាញខ្លួន? ហ៎ា? អ្វីដែលសំខាន់បំផុតដែលទទួលបានការចាប់អារម្មណ៍ពីពិភពលោកគឺអាកាសធាតុ»។
លោកស៊ី ជីនពីងមិនបានធ្វើដំនើរក្រៅប្រទេសចិនតាំងពីដើមឆ្នាំ ២០២០មកម្ល៉េះ ហើយការមិនចូលរួម COP26 គឺអាចដោយសារការព្រួយបារម្ភអំពីជំងឺកូវីដ-១៩។
ក្នុងសន្និសីទកាសែតមួយអ្នកសារព័ត៌មានបានសួរលោកបៃដិនអំពីអវត្តមានរបស់លោកស៊ី ហើយលោកឆ្លើយថា៖ «ខ្ញុំគិតថាវាជាកំហុសធំមួយសម្រាប់ប្រទេសចិន»។ លោកបន្តទៀតថា៖ «ពួកគេបានបាត់បង់សមត្ថភាពក្នុងការមានឥទ្ធិពលលើមនុស្សជុំវិញពិភពលោក»។
សំដីរបស់លោកបៃដិនបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាង វិនប៊ីនបាននិយាយថា៖ «ចិនប្រកាន់ខ្ជាប់នឹងពាក្យសម្ដីរបស់ខ្លួន ហើយសកម្មភាពរបស់ខ្លួននឹងទទួលបានផ្លែផ្កា»។ លោកវ៉ាងបានរិះគន់សហរដ្ឋអាមេរិកចំពោះ «ការវិលថយក្រោយឥតឈប់ឈរ» លើបញ្ហាការប្រែប្រួលអាកាសធាតុ ហើយបាននិយាយថា អាមេរិកគួរតែធ្វើបន្ថែមទៀតដើម្បីគាំទ្រដល់ប្រទេសក្រីក្រដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយផលវិបាកនៃការឡើងកម្ដៅផែនដី។
យ៉ាងណាមិញការងារដ៏លំបាកបំផុតនៅក្នុងសន្និសីទនេះនឹងចាប់ផ្តើមបន្ទាប់ពីមេដឹកនាំបានត្រឡប់ទៅមាតុភូមិវិញ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ មន្ត្រីការទូតប្រទេសនីមួយៗនឹងត្រូវចរចាច្បាប់ជុំវិញទីផ្សារកាបូនអន្តរជាតិ និងរកវិធីដើម្បីបំពេញការសន្យាកាលពី២០២០ដែលនៅមិនទាន់បានសម្រេច ក្នុងការចែកចាយប្រាក់ ១០០ ពាន់លានជារាងរាល់ឆ្នាំទៅកាន់ប្រទេសក្រីក្រ ដើម្បីជួយប្រទេសទាំងនេះងាកចេញពីឥន្ធនៈផូស៊ីល និងធ្វើការត្រៀមសម្រាប់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ប្រទេសដែលងាយរងគ្រោះកំពុងជំរុញប្រទេសបញ្ចេញឧស្ម័នធំៗ ឱ្យយល់ព្រមក្នុងការបង្កើនគោលដៅអាកាសធាតុរបស់ពួកគេជារៀងរាល់ឆ្នាំ ដើម្បីរក្សាសីតុណ្ហភាពពិភពលោកមិនឱ្យកើន ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម៕

ប្រភព៖ New York Times