ថវិកាជាតិម៉ាឡេស៊ីឆ្នាំ២០២២កើនឡើង មហាធីរបារម្ភពីរដ្ឋកើនបំណុល ហើយវប្បធម៌អំពើពុករលួយត្រលប់មកវិញ

លោក មហាធីរ មហាម៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ បារម្ភ​អំពី​ការ​កើន​ឡើង​បំណុល​ជាតិ​ម៉ាឡេស៊ី ស្រប​ពេល​ដែល​ថវិកា​ជាតិ​សម្រាប់​ចំណាយ​នៅ​ឆ្នាំ២០២២ នៅ​តែ​ធំ ស្រប​ពេល​ដែល​ចំណូល​តិច​ជាង។ បន្ថែម​ពី​នេះ​លោក​ក៏​ព្រួយ​ថា វប្បធម៌​នៃ​ការ​ប្រព្រឹត្តិ​អំពើពុករលួយ​នៅ​ម៉ាឡេស៊ី​នឹង​ត្រលប់​មក​វិញ​ជា​ថ្មី​ផង​ដែរ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​ក្នុង​សភា​ជាន់ទាប​កាល​ពី​ថ្ងៃ​អង្គារ។

ថវិកា​សម្រាប់​ចំណាយ​ឆ្នាំ២០២២​នៅ​ម៉ាឡេស៊ី​មាន​ប្រមាណ ៣៣២ប៊ីលាន​រីងហ្គីត ឬ ៨០ប៊ីលាន​ដុល្លារ​អាមេរិក ខណៈ​ចំណាយ​ឆ្នាំ២០២១​មាន ៧៧ប៊ីលាន​ដុល្លារ ខណៈ​ចំណូល​សម្រាប់​ឆ្នាំ២០២២ ដែល​ព្យាករណ៍​ទុក​មុន​មាន​ប្រមាណ​តែ ៥៦ប៊ីលាន​ដុល្លារ​ប៉ុណ្ណោះ។

សមាជិក​សភា​រូប​នេះ​​ក៏​ទទួល​ស្គាល់​ដែរ​ថា រដ្ឋាភិបាល​ត្រូវ​ការ​ថវិកា​ទាំង​នេះ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ តែ​រដ្ឋាភិបាល​គួរ​តែ​ដក​ហូត​យក​លុយ ដែល​ត្រូវ​បាន​កិបកេង​ដោយ​អំពើ​ពុករលួយ​កាល​ពី​ជំនាន់​លោក​នាយករដ្ឋមន្ត្រី ណាជីព រ៉ាហ្សាក់។

លោក​រ៉ាហ្សាក់ ដែល​កាន់​តំណែង​កាល​ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ២០១៨ ជាប់​ក្នុង​រឿង​អាស្រូវ​ពុក​រលួយ​នៃ​មូលនិធិ​វិនិយោគ​សាធារណៈ 1MDB ដោយ​កាល​នោះ​ មូលនិធិ​នេះ​បាត់​លុយ​ប្រមាណ ៤,៥ប៊ីលាន​ដុល្លារ​។

បន្ថែម​ពី​នេះ​ទៅ​ទៀត លោក​ មហាធីរ​ក៏​បាន​ចោទ​ប្រកាន់​ថា ការ​បង្កើន​ខ្ទង់​ចំណាយ​សម្រាប់​ឆ្នាំ២០២២​ក៏​ព្រោះ​តែ លុយ​ទាំង​នេះ​នឹង​ប្រើប្រាស់​សម្រាប់​អំពើ​ពុករលួយ​ផ្នែក​នយោបាយ។

«ប្រាកដ​ណាស់ វប្បធម៌​នៃ​អំពើ​ពុករលួយ​ត្រលប់​មក​វិញ​ហើយ ចំណែក​ឯ​បន្ទុក​គឺ​ធ្លាក់​លើ​រដ្ឋាភិបាល។ អំពើ​ពុករលួយ​ប្រភេទ​នេះ​គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​នៃ​ការ​បង្កើត​តំណែង​រដ្ឋាភិបាល​មិន​សូវ​សំខាន់​ជា​ច្រើន»។ នេះ​ជា​ការ​លើកឡើង​របស់​អ្នក​នយោបាយ​ចំណាស់ ៩៦ឆ្នាំ​រូប​នេះ៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner