នាយករដ្ឋមន្ត្រីអូស្ត្រាលីវាយប្រហារវាយប្រហារភាពជឿជាក់ទៅលើប្រធានាធិបតីបារាំង
កាលពីថ្ងៃអង្គារ ទី០២ វិច្ឆិកា នាយករដ្ឋមន្ត្រីអូស្ត្រាលីស្កត ម៉ូរីសុនបានធ្វើការវាយប្រហារភាពជឿជាក់ទៅលើប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុន ដោយលើកឡើងថាលោកម៉ាក្រុនបានរំពឹងទុកជាមុនអំពី «ព័ត៌មានមិនល្អ» ទាក់ទងនឹងកិច្ចព្រមព្រៀងនាវាមុជទឹក ដែលបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹង។
លោកម៉ាក្រុននៅសប្ដាហ៍នេះបានចោទប្រកាន់ម៉ូរីសុនថាបានធ្វើការកុហកនៅកំឡុងពេលទទួលទានអាហារពេលល្ងាចរួមគ្នានៅទីក្រុងប៉ារីសក្នុងខែមិថុនា អំពីជោគវាសនានៃកិច្ចព្រមព្រៀងបញ្ជាទិញនាវាមុជទឹករាប់ពាន់លានដុល្លារពីបារាំង។ អូស្ត្រាលីបានលុបចោលការបញ្ជាទិញពីបារាំង បន្ទាប់ពីពួកគេបង្កើតសម្ព័ន្ធភាព AUKUSជាមួយអាមេរិក និងអង់គ្លេសដើម្បីចែករំលែកបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
កាលពីថ្ងៃអង្គារលោកម៉ូរីសុនបានប្រាប់អ្នកសារព័ត៌មានអូស្ត្រាលីមួយរូបថាក្នុងការទទួលទានអាហារខាងលើលោកបានធ្វើការបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោកម៉ាក្រុនថានាវាមុជទឹករបស់បារាំងនឹងមិនអាចបំពេញតម្រូវការកំពុងប្រែប្រួលរបស់អូស្ត្រាលីទេ។
នៅថ្ងៃអង្គារដដែលកាសែត The Australian បានរាយការណ៍ថាពីរថ្ងៃមុនការប្រកាស AUKUS លោកម៉ូរីសុនបានព្យាយាមធ្វើការទំនាក់ទំនងទៅលោកម៉ាក្រុន ប៉ុន្តែប្រធានាធិបតីបារាំងបានផ្ញើសារមកវិញថាលោកកំពុងជាប់រវល់។ កាសែតដដែលបានរាយការណ៍ថាលោកមានម៉ាក្រុនបានបញ្ជូនសារមកថា៖ «តើខ្ញុំគួររំពឹងថានឹងមានដំណឹងល្អ ឬអាក្រក់សម្រាប់មហិច្ឆតានាវាមុជទឹករួមគ្នារបស់យើង»។
ខុទ្ទកាល័យលោកម៉ាក្រុនបានច្រានចោលការលើកឡើងរបស់លោកម៉ូរីសុន ហើយបានផ្ដល់ការពិពណ៌នាអំពីព្រឹត្តិការពីខាងពួកគេវិញ។ ពួកគេបាននិយាយថាការបញ្ចេញសារទំនាក់ទំនងរវាងមេដឹកនាំពិភពលោកជាសាធារណបែបនេះនឹងរំលោភលើទំនុកចិត្តបន្ថែមទៀត៕

ប្រភព៖ The Hill