សមុទ្រចិនខាងត្បូង៖ អាមេរិកថា នាវាមុជទឹករបស់ខ្លួនមានបញ្ហាព្រោះបុកភ្នំបាតសមុទ្រ តែខាងចិនចោទអាមេរិកថា «ខ្វះតម្លាភាព»
ឧបទ្ទវហេតុនាវាមុជទឹករបស់សហរដ្ឋអាមេរិកនាឯតំបន់សមុទ្រចិនខាងត្បូងនៅមិនទាន់បិទបញ្ចប់នូវការដេញដោលគ្នារវាងចិន និងអាមេរិកឡើយ ដោយកាលពីថ្ងៃច័ន្ទកន្លងទៅ ខាងអាមេរិកបានធ្វើការបញ្ជាក់ថា នាវាមុជទឹករបស់ខ្លួនរងការខូចខាតដោយសារតែបានបុកទៅនឹងភ្នំក្រោមបាតសមុទ្រ តែខាងចិនវិញយល់ថា អាមេរិកនៅតែមិនទាន់បកស្រាយបានច្បាស់លាស់។
កាលពីដើមខែតុលាកន្លងទៅ កងនាវាសហរដ្ឋអាមេរិកភូមិភាគប៉ាស៊ីហ្វិកបានចេញសេចក្ដីថ្លែងការណ៍ថា នាវាមុជទឹករបស់ខ្លួនឈ្មោះថា USS Connecticut បានប៉ះទង្គិចទៅនឹង របស់មួយដែលមិនស្គាល់ នៅពេលធ្វើប្រតិបត្តិការក្រោមទឹកនៅ «ដែនសមុទ្រអន្តរជាតិ» ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលក្រោយមកត្រូវបានទម្លាយថា នៅតំបន់សមុទ្រចិនខាងត្បូង។
នាវា USS Connecticut នេះ ជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលអាចផ្ទុកបាននាវិកប្រមាណច្រើនជាង ១០០នាក់។
នៅពេលនោះ នាវិកចំនួន ១១នាក់បានរងរបួស តែខាងស្ថាប័នកងទ័ពជើងទឹកអាមេរិកភូមិភាគប៉ាស៊ីហ្វិកបានអះអាងថា របួសទាំងនេះមិនគំរាមកំហែងដល់អាយុជីវិតនោះទេ។ នាវានោះក្រោយមកត្រូវបានយកមកជួសជុលនៅមូលដ្ឋានកងទ័ពអាមេរិកនៅឯកោះហ្គ័ម។ ខាងអាមេរិកក៏បានសង្កត់ធ្ងន់ផងដែរថា រ៉េអាក់ទ័រនុយក្លេអ៊ែររបស់នាវាមុជទឹកនេះមិនត្រូវបានប៉ះពាល់ទេក្នុងពេលទង្គិច។
ខាងចិនជានិច្ចកាលតែងតែទាមទារឱ្យអាមេរិកបកស្រាយឱ្យច្បាស់អំពីមូលហេតុនៃការប៉ះទង្គិចនេះ ហើយផលប៉ះពាល់នៃការខូចខាតនេះ ដោយបារម្ភក្រែងមានលេចធ្លាយវិទ្យុសកម្មនុយក្លេអ៊ែរ ដែលអាចនឹងប៉ះពាល់ដល់បរិស្ថាននៅសមុទ្រចិនខាងត្បូង។
បន្ទាប់ពីស៊ើបអង្កេតជាងមួយខែ នៅថ្ងៃច័ន្ទសប្ដាហ៍នេះ កងនាវាលេខ ៧ របស់សហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ថា នាវាមុជទឹកនេះបានបុកទៅនឹងភ្នំនៅបាតសមុទ្រ ប៉ុន្តែនៅមិនទាន់បកស្រាយអំពីមូលហេតុអ្វី ដែលបណ្ដាលឱ្យជ្រុលបុកភ្នំដូច្នេះនេះទេ។
យ៉ាងណាមិញ ខាងចិននៅតែមិនទាន់សប្បាយចិត្តនឹងការបកស្រាយនេះឡើយ។
លោក Wang Wenbin អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានលើកឡើងកាលពីថ្ងៃអង្គារថា៖ «ជិតមួយខែបន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង អាមេរិកគ្រាន់តែនិយាយថា នាវាមុជទឹកបានបុកនឹងភ្នំក្រោមសមុទ្រដែលមិនស្គាល់អត្តសញ្ញាណ ហើយនៅតែមិនបញ្ជាក់ឱ្យបានពិតប្រាកដ ដោយគ្រាន់តែលើកឡើងថា គ្រោះថ្នាក់នេះកើតឡើងនៅដែនសមុទ្រអន្តរជាតិ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។
«អាមេរិកមិនបានបង្ហាញនូវទីតាំងពិតប្រាកដនៃឧបទ្ទវហេតុ ក៏ដូចជាគោលបំណងនៃការចល័តនាវាមុជទឹកនុយក្លេអ៊ែរប្រភេទនេះ។ អាមេរិកមិនបានបញ្ជាក់ថា ទីតាំងនេះនៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ឬ ក៏ដែនសមុទ្ររបស់ប្រទេសណា ហើយមិនបានប្រាប់ថា ក្រោយពីនាវាមុជទឹកនេះប៉ះទង្កិច មានលេចធ្លាយនុយក្លេអ៊ែរ ឬ យ៉ាងណានោះទេ»។ នេះជាការលើកឡើងរបស់លោក Wang។
លោកបានបន្ថែមថា៖ «បញ្ហាទាំងអស់នេះ និងហេតុការណ៍បកអាក្រាតឱ្យពិភពលោកឃើញថា អាមេរិកមិនមានទំនួលខុសត្រូវឡើយ។ ជាថ្មីម្ដងទៀត យើងជំរុញឱ្យអាមេរិកបកស្រាយឱ្យកាន់តែច្បាស់អំពីហេតុការណ៍គ្រោះថ្នាក់នេះ ហើយឆ្លើយតបទៅនឹងការព្រួយបារម្ភ និងការសង្ស័យរបស់ប្រទេសនានានៅក្នុងតំបន់»។
មន្ត្រីក្រសួងការបរទេសចិនរូបនេះក៏បានអំពាវនាវឱ្យអាមេរិកបញ្ឈប់បញ្ជូននាវា ឬ យន្តហោះចម្បាំងមកចូលក្នុងតំបន់សមុទ្រចិនខាងត្បូងនេះបន្តទៀត ហើយចាត់ទុកថា សកម្មភាពទាំងនេះជារឿង «អុជអាល» មួយ ដែលបង្កដល់អស្ថិរភាពនៅក្នុងតំបន់។
ក្នុងពេលថ្មីៗនេះ អាមេរិក និងចិនហាក់បីដូចជាប្រឈមមុខដាក់គ្នារាងខ្លាំងជាងមុនបន្តិចនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយជាពិសេសនៅច្រកសមុទ្រតៃវ៉ាន់តែម្ដង។
ប្រភពមួយដែលជិតស្និទ្ធនឹងកងនាវាចិន បានប្រាប់សារព័ត៌មាន South China Morning Post ថា ខាងចិនដឹងអស់ហើយអំពីទីតាំងនៃហេតុការណ៍គ្រោះថ្នាក់នេះ តែអ្វីដែលចិនចង់ដឹងនោះត្រង់ចំណុចថា តើអាមេរិកបញ្ជូននាវាមុជទឹកនេះដើម្បីធ្វើអ្វី។
លោក Li Jie អ្នកជំនាញយោធាមួយរូប ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងយល់ឃើញថា អាមេរិកបញ្ជូននាវាមុជទឹកនេះមកគឺ ដើម្បីតាមដាន «ស្លាកស្នាមសំឡេង» របស់នាវាកងទ័ពចិន។
«គ្រប់នាវាទាំងអស់ រាប់បញ្ចូលទាំងនាវាលើទឹក និងនាវាមុជទឹក មានស្លាកស្នាមសំឡេងខុសៗគ្នា ប្រៀបដូចជាមនុស្សមានក្រយៅម្រាមដៃខុសៗគ្នាអញ្ចឹង។ ដូច្នេះហើយ អាមេរិកអាចយកចំណុចនេះ មកតាមដាន និងសិក្សាអំពីនាវារបស់ចិន ក៏ដូចជាយុទ្ធសាស្ត្ររបស់នាវា ក៏ដូចជាព័ត៌មានលម្អិតផ្សេងៗទៀត»។ នេះជាការលើកឡើងរបស់លោក Li៕

ប្រភព៖ SCMP