កម្ពុជាបង្ក្រាបគ្រឿងញៀនជាង៥៤គីឡូនៅរាជធានី (Video Inside)
គ្រឿងញៀនជាង ៥៤គីឡូក្រាម និងជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបនិងចាប់ខ្លួននៅក្នុងរាជធានី ភ្នំពេញ។ ការចាប់ឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ នៅ២ទីតាំងផ្សេងពីគ្នា ក្នុងសង្កាត់បឹងកេងកង១ នៃខណ្ឌបឹងកេងកង។
ក្នុងប្រតិបត្តិការនេះ មុនដំបូងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ម្នាក់ជាតិវៀតណាមឈ្មោះ ង្វៀង វីងទី អាយុ ២៦ឆ្នាំ ជាមួយនឹងសារធាតុញៀនមួយចំនួនតូច។ ក្រោយការបន្ត ស៊ើបអង្កេត នារសៀលថ្ងៃទី៣១តុលាដដែល សមត្ថកិច្ចបានបន្តចាប់ខ្លួនជនសង្ស័យម្នាក់ទៀតជាតិខ្មែរ ឈ្មោះ ហេង គឹមហេង អាយុ ២៥ឆ្នាំ រស់នៅក្នុងសង្កាត់បឹងកេងកង២ នៃខណ្ឌបឹងកេងកង ។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រឿងញៀនសរុបរួម ទម្ងន់ ៥៤គីឡូ និងជាង៥៥៩ក្រាម ក្នុងនោះរួមមានថ្នាំញៀនមេតំ ហ្វេតាមីន, កេតាមីន, អ៊ិចស្តាស៊ី, មេកាទីណូន និងសារធាតុផ្សំដទៃទៀត។
គួរបញ្ជាក់ថាពាក់ព័ន្ធនឹងការបង្ក្រាបគ្រឿងញៀនដូចគ្នានេះផងដែរ កាលពីថ្ងៃទី២៩តុលាកន្លងមកនេះ សមត្ថកិច្ច ទើបបានចាប់ខ្លួនជនសង្ស័យ៨នាក់ជាមួយគ្រឿងញៀនជិត៧គីឡូ ក្នុងការបង្ក្រាបក្នុងខេត្តសៀមរាប, កំពង់ចាម និងមួយកន្លែងទៀតក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ៕