ប្រធានាធិបតីរុស្ស៊ី និងបារាំងអំពាវនាវឱ្យរក្សាភាពអត់ធ្មត់ខ្ពស់ ក្រោយសហរដ្ឋអាមេរិកសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់

បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានអំពាវនាវយ៉ាងទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ខ្ពស់ ដើម្បីជៀសវាងការបង្កភាពតានតឹងថ្មីទៀត បន្ទាប់ពីមេបញ្ជាការកងអង្គភាពពិសេស (Quds Force) លោក កាស្សេម សូឡៃមេនី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិកលើក្បួនរថយន្ដមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។
បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីបារាំង ក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ លោក ម៉ាក្រុង និងលោក ពូទីន បានជជែកពិភាក្សាគ្នាទាក់ទិនទៅនឹងស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងបណ្តាប្រទេសជិតខាង ដោយមេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នា រក្សាការទំនាក់ទំនងជិតស្និទសម្រាប់រយៈពេលប៉ុន្មានថ្ងៃទៀត ដើម្បីព្យាយាមទប់ស្កាត់ការបង្កគ្រោះថ្នាក់ផ្សេងទៀតដែលបណ្តាលមកពីភាពតានតឹងថ្មីៗនេះ ។
ការអំពាវនាវរបស់មេដឹកនាំប្រទេសទាំងពីរខាងលើ បានកើតមានឡើងក្រោយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់រូបនេះ ថែមទាំងបានប្តេជ្ញាសងសឹកដោយហិង្សា ហើយលោកបានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃចំពោះមរណភាពមនុស្សជំនិតដែលជាដៃស្តាំរបស់លោកនេះ ។  ដោយឡែកប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហាន់នី ក៏បានអះអាងថា ការសម្លាប់លោក កាស្សេម សូឡៃមេនី នឹងធ្វើឲ្យអ៊ីរ៉ង់តាំងចិត្តប្រឈមជាមួយសហរដ្ឋអាមេរិកកាន់តែខ្លាំងថែមទៀត ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner