សហរដ្ឋអាមេរិកគ្រោងដាក់ពង្រាយកងកម្លាំងប្រមាណ៣.៥០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលមានភាពតានតឹងខ្លាំងឡើង
សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកមានផែនការដាក់ពង្រាយកងទ័ពប្រមាណ៣.៥០០នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ានៅក្នុងសប្តាហ៍ឆាប់ៗនេះស្រប ពេលផ្ទុះភាពតានតឹងខ្លាំង ក្រោយលោកឧត្ដមសេនីយ៍នៃកងកម្លាំងពិសេសអ៊ីរ៉ង់ កាស្សេម ស៊ូឡៃមេនី ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសដោយអាមេរិកនៅប្រទេសអ៊ីរ៉ាក់ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិក ។
សារព័ត៌មាន NBC News ផ្អែកលើប្រភពពីមន្រ្តីយោធា និងមន្រ្តីការពារជាតិអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានចុះផ្សាយថា កងទ័ពដែលគ្រោងនឹងដាក់ពង្រាយថែមទៀតនោះ គឺមកពីអង្គការទ័ពអាកាសទី៨២ នៃកងកម្លាំងឆ្លើយតបសកលនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ាក់ គុយវ៉ែត និងបណ្តាផ្នែកជាច្រើនទៀត នៅក្នុងតំបន់ ។
ចំណាត់ការចុងក្រោយនេះរបស់មន្ទីរបញ្ចកោណ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើក្បូនរថយន្ដមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ដោយបានសម្លាប់លោកឧត្ដមសេនីយ៍នៃកងកម្លាំងពិសេសអ៊ីរ៉ង់ កាស្សេម ស៊ូឡៃមេនី រួមទាំងមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃក្រុម ខាថេប ហេសបូលឡាហ៍ ឬកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ លោក អាប៊ូ ម៉ាហ៍ឌី អាល់មូហាន់ឌីស ៕