ទីបំផុតសភាតួកគីបើកភ្លើងខៀវ ចំពោះសំណើររបស់លោក តាយយីប អឺដូហ្គាន់ ក្នុងការដាក់ពង្រាយកងទ័ពនៅប្រទេសលីប៊ី

តួកគី៖ ទីបំផុតសមាជិកសភាតួកគីបានអនុម័តសេចក្ដីស្នើច្បាប់របស់ប្រធានា ធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ ដែលអនុញ្ញាតឲ្យកងទ័ពតួកគីអាចពង្រាយនៅលីប៊ីបាន ។ សេចក្ដីស្នើច្បាប់នេះ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំមួយ ដោយសំឡេង២៣៥ទល់នឹង១៨៤ ស្របពេលដែលគណបក្ស AKP របស់ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ ផ្ទាល់ ជាអ្នកគ្រប់គ្រងសំឡេងភាគច្រើនទៅហើយ ។
រដ្ឋាភិបាលលីប៊ីនៅភាគខាងលិច ដែលអន្តរជាតិទទួលស្គាល់ជាតំណាងស្របច្បាប់របស់លីប៊ី ជាអ្នកស្នើសុំជំនួយោធាពីតួកគី ខណៈរងសម្ពាធខ្លាំងពីកម្លាំងទ័ពមកពីភាគខាងកើតរបស់មេទ័ព ខាលីហ្វា ហាហ្វតា ដែលចង់ដណ្ដើមរដ្ឋធានីទ្រីប៉ូលី ។   ប្រទេសលីប៊ី បានធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរ ក្រោយអន្តរាគមន៍យោធារបស់សម្ព័ន្ធណាតូកាលពីឆ្នាំ២០១១ ដែលសម្លាប់មេដឹកនាំក្រាញអំណាច ម៉ូអាម៉ា កាដាហ្វី ។ ស្ដេចក្រាញ់ជាច្រើនបានប្រយុទ្ធគ្នាដណ្ដើមទឹកដីត្រួតត្រា រហូតមកទល់បច្ចុប្បន្ន មានកម្លាំងធំពីរ គឺនៅភាគខាងកើតមួយ និងភាគខាងលិចមួយ ។
ទាក់ទិននឹងផែនការដាក់ពង្រាយកងទ័ពរបស់តួកគីខាងលើនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់សមភាគីតួកគីថា អន្តរាគមន៍អន្តរជាតិណាមួយ នឹងធ្វើឲ្យស្ថានការណ៍កាន់ស្មុគស្មាញ ។ ដោយឡែកអេហ្ស៊ីបឯណោះវិញ ក៏ថ្កោលទោសតួកគី និង ចាត់ទុកជាការបំពានច្បាប់អន្តរជាតិ ក៏ដូចជាដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលើបញ្ហានៅលីប៊ី ខណៈក្រិក ស៊ីប និងអ៊ីស្រាអែលក៏បានព្រមានពីអស្ថិរភាពក្នុងតំបន់ផងដែរ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner