ក្រុមសង្គ្រោះឥណ្ឌូណេស៊ីកំពុងព្យាយាមស្វែងរកមនុស្សបាត់ខ្លួន ស្របពេលដែលចំនួនអ្នកស្លាប់បន្តកើនឡើងជិត៥០នាក់
ឥណ្ឌូណេស៊ី៖ ក្រុមជួយសង្គ្រោះឥណ្ឌូណេស៊ីបានធ្វើការបែងចែកគ្នា ដើម្បីខិតខំប្រឹងប្រែងស្វែករកមនុស្សបាត់ខ្លួនមួយចំនួន ដោយសារគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងពីភ្លៀងធ្លាក់យ៉ាងសន្ធប់ ។
គ្រោះមហន្តរាយធម្មជាតិខាងលើនេះ ក៏បានឆក់យកអាយុជីវិតមនុស្សកើនដល់៤៣នាក់នៅទូទាំងតំបន់នៃទីក្រុង ហ្សាកាតា ផងដែរ ខណៈដែលសង្កាត់ជាច្រើន និងលំនៅដ្ឋានប្រជាជនរាប់ពាន់កន្លែងត្រូវបានទឹកជន់លិចលង់ ។ ដោយសារតែគ្រោះទឹកជំនន់ ការធ្វើដំណើរក្នុងទីក្រុងត្រូវជួបភាពលំបាកខ្លាំង រីឯនៅតំបន់ជាច្រើនត្រូវកាត់ផ្តាច់ចរន្តថាមពលអគ្គិសនី ។ ជាមួយគ្នានោះ ប្រជាជនឥណ្ឌូណេស៊ី សរុបជាង៦ម៉ឺននាក់ដែលរស់នៅក្នុងទីក្រុងហ្សាការតា ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយលំនៅឋានរាប់ពាន់ខ្នងបានរងការខូចខាត ។
បើតាមការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងរហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ឬរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ នៅក្នុងទីក្រុងហ្សាការតា ៕





