ប្រធានទីភ្នាក់ងារឥណ្ឌា ISRO អះអាងថា នឹងបាញ់បង្ហោះយានមួយគ្រឿងទៀតទៅចុះចតលើផ្ទៃព្រះច័ន្ទ
ឥណ្ឌា៖ បេសកកម្ម ចាន់ដ្រាយ៉ាន ៣ និង បេសកម្មបញ្ជូនមនុស្សឡើងទីអវកាស ហ្គាហ្គាន់យាន នឹងស្ថិតក្នុងចំណោមអាទិភាពចម្បងៗគេរបស់ទីភ្នាក់ងារ ISRO នៅក្នុងឆ្នាំ២០២០នេះ នេះបើតាមប្រធានទីភ្នាក់ងារឥណ្ឌា ISRO លោក ខៃឡាសាវ៉ាឌីវូ ស៊ីវ៉ាន់ ។
លោក ខៃឡាសាវ៉ាឌីវូ ស៊ីវ៉ាន់ បានបញ្ជាក់ទៀតថា នៅឆ្នាំថ្មីនេះ នឹងក្លាយជាឆ្នាំដែលទីភ្នាក់ងារ ISRO ផ្តោតសំខាន់ទៅលើបេសកកម្មទាំងពីរខាងលើ លោកថា គម្រោងបេសកកម្ម ចាន់ដ្រាយ៉ាន ៣ នឹងត្រូវចំណាយថវិកាខ្ទង់៨៦លានដុល្លារ តិចជាងបេសកកម្ម ចាន់ដ្រាយ៉ាន ២ ដែលត្រូវចំណាយ១៣៦លានដុល្លារ ។ រីឯកាលបរិច្ឆេទសម្រាប់ចេញបេសកកម្មនេះ នៅមិនទាន់មានការបញ្ជាក់ ឬកំណត់ច្បាស់នៅឡើយទេ ។
សូមជម្រាបថា បេសកកម្ម ចាន់ដ្រាយ៉ាន ៣ នឹងក្លាយជាបេសកកម្មលើកទីពីររបស់ឥណ្ឌា ក្នុងការប៉ុនប៉ងឆ្ពោះទៅជាន់លើដីព្រះច័ន្ទ ក្រោយទទួលបរាជ័យនៃបេសកកម្ម ចាន់ដ្រាយ៉ាន ២ កាលពីខែកញ្ញា ឆ្នាំ២០១៩ ។ សម្រាប់បេសកកម្ម ចាន់ដ្រាយ៉ាន ៣ នឹងមិនមានផ្កាយរណបឡើយ គឺមានត្រឹមតែយានសម្រាប់ចុះចត (Lander) និងយានសម្រាប់ចល័ត (Rover) ប៉ុណ្ណោះ ៕






