ការវាយប្រហារតាមផ្លូវអាកាសសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់នៅអ៊ីរ៉ាក់ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ដូណាល់ ត្រាំ
សហរដ្ឋអាមេរិក៖ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តបតាមបញ្ជាដោយផ្ទាល់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ យោធាអាមេរិកបានដឹកនាំសកម្មភាពការពារកងទ័ពអាមេរិកនៅបរទេស ដោយបានសម្លាប់មេបញ្ជាការអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ។
បើតាមសេចក្តីថ្លែងការណ៍ដដែល ការវាយប្រហារនេះមានគោលបំណងបង្រ្កាបផែនការវាយប្រហារនានារបស់អ៊ីរ៉ង់មកលើកងទ័ពអាមេរិក ហើយថា សហរដ្ឋអាមេរិកនឹងបន្តចាត់រាល់វិធានការចាំបាច់ ដើម្បីការពារប្រជាជនរបស់ខ្លួន និងផលប្រយោជន៍អាមេរិក មិនថានៅទីណានោះទេនៅលើពីភពលោក ។ ទាក់ទិននឹង ព័ត៌មានមរណភាពរបស់លោក សូឡៃមេនី ខាងលើនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានទទួលស្គាល់ថា ដំណឹងនេះគឺជាការពិតមែន និងបានព្រមានចាត់វិធានការសងសឹកសហរដ្ឋអាមេរិកវិញ ។ 
សូមរំលឹកផងដែរថា ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ ចោទប្រកាន់ថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារ និងបាតុកម្មបំផ្លាញស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ៕




