គម្រោងហេដ្ឋាចរនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅខេត្ដសៀមរាប គ្រោងបញ្ចប់សាងសង់នៅចុងខែធ្នូ ខណៈសម្រេចបានជិត ៩០ភាគរយ

សៀមរាប ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានថ្លៃថា គិតត្រឹមថ្ងៃទី១០ វិច្ឆិកា ២០២១នេះ គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ខេត្ដសៀមរាប សម្រេចបាន ៨៩,៣៩% នៃទំហំការងារសរុប ដោយគ្រោងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ២០២១នេះ ។

ក្នុងពិធីចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវ និងប្រព័ន្ធលូនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ បានថ្លែងទៀតថា គម្រោងនេះមានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ ។

សម្តេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារនៃអង្គភាពអនុវត្តគម្រោងដែលបានរៀបចំទីតាំងនៅតាមបណ្ដោយដងស្ទឹងខេត្តសៀមរាប ប្រកបដោយសោភ័ណភាព ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ គម្រោងសាងសង់ផ្លូវ ៣៨ខ្សែនេះមានប្រវែងសរុប ១០៦,៤២៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ ចំណាយពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner