កូនស្រីច្បងលោក ឌុយតឺតេ ឈរឈ្មោះធ្វើអនុប្រធានាធិបតីហ្វីលីពីន

កូនស្រី​ច្បង​លោក​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយតឺតេ អ្នកស្រី សារ៉ា ឌុយតឺតេ (Sara Duterte) កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​ដាក់​ពាក្យ​ឈរ​ឈ្មោះ​ធ្វើ​អនុ​ប្រធានាធិបតី​ហ្វីលីពីន​ សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​ឧសភា ឆ្នាំ២០២២ ។

ស្ត្រី​អ្នក​នយោបាយ​វ័យ ៤៣ឆ្នាំ​រូប​នេះ​កំពុង​តែ​កាន់​តំណែង​ជា​អភិបាល​ក្រុង ដាវ៉ាវ (Davao) ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ហើយ​ជា​មូលដ្ឋាន​នៃ​អំណាច និង​ការ​គាំទ្រ​ចំពោះ​ត្រកូល​ ឌុយតឺតេ។

អ្នកស្រី​ឌុយតឺតេ​ កាល​ពី​ខែ​តុលា​កន្លង​ទៅ ដាក់​ពាក្យ​ឈរ​ឈ្មោះ​​បោះឆ្នោត​ ដើម្បី​បន្ត​តំណែង​ជា​អភិបាល​ក្រុង​ទេ តែ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន អ្នកស្រី​បាន​ដក​បេក្ខភាព​នេះ​ចេញ ហើយ​ប្អូនប្រុស​អ្នកស្រី​គឺ អភិបាល​រង​ក្រុង​ដាវ៉ាវ លោក សេបាស្ទៀន ឌុយតឺតេ ឡើង​មក​ឈរ​ជំនួស​វិញ។

ភ្លាមៗ​ក្រោយ​ពេល​​ដែល​អ្នកស្រី​ឈរ​ឈ្មោះ​ក្នុង​តំណែង​កំពូល​ទី២​ ក្នុង​ប្រទេស​ហ្វីលីពីន បេក្ខភាព​ប្រធានាធិបតី​ លោក ហ្វើរឌីណង់ បុងបុង ម៉ាកូស ជូនៀ (Ferdinand “Bongbong” Marcos Jr) បាន​ចេញ​សេចក្ដី​សម្រេច​មួយ គាំទ្រ​បេក្ខភាព​អនុ​ប្រធានាធិបតី​របស់​អ្នកស្រី ហើយ​ជ្រើសរើស​អ្នកស្រី ជា​ដៃ​គូ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ។

លោក ម៉ាកូស ជា​សមាជិក​ព្រឹទ្ធសភា​ប្រទេស​ហ្វីលីពីន និង​ជា​កូនប្រុស​របស់​លោក ហ្វើរឌីណង់ ម៉ាកូស ដែល​ជា​មេដឹកនាំ​​ហ្វីលីពីន កាន់​តំណែង​អំឡុង​ទសវត្ស​ឆ្នាំ១៩៦០ រហូត​ដល់​ឆ្នាំ១៩៨៦ ក្រោយ​ពី​មាន​ការ​ផ្ដួល​រលំ​តាម​រយៈ​អំណាច​ប្រជាជន ដែល​កក្រើក​តំបន់​អាស៊ីអាគ្នេយ៍​ និង​ពិភពលោក​នៅ​ជំនាន់​នោះ។

ត្រកូល​ម៉ាកូស នៅ​តែ​ជា​ត្រកូល​មាន​​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​មួយ​នេះ ដោយ​មូលដ្ឋាន​អំណាច​របស់​ត្រកូល​នេះ​ស្ថិត​ក្នុង​ភាគ​ខាង​ជើង​ប្រទេស​ហ្វីលីពីន។ ខណៈ​មូលដ្ឋាន​នៃ​ការ​គាំទ្រ​របស់​អ្នកស្រី ឌុយតឺតេ មាន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ គេ​រំពឹង​ទុក​ថា ដៃ​គូ​មួយ​នេះ អាច​នឹង​មាន​ប្រៀប​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០២២។

យោង​តាម​ការ​ស្ទង់​មតិ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ បេក្ខភាព​អ្នកស្រី​ ឌុយតឺតេ ឈាន​មុខ​គេ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ចំណែក​ឯ​លោក ម៉ាកូស ឈាន​មុខ​គេ​លេខ ៣។

យ៉ាងណាក៏ដោយ ក្រឡេក​មក​ខាង​ឪពុក​របស់​អ្នកស្រី ឌុយតឺតេ វិញ មាន​របាយការណ៍​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បាន​ចុះ​ផ្សាយ​ថា លោក​ក៏​បាន​គិតគូរ​ក្នុង​ការ​ឈរ​ឈ្មោះ​ធ្វើ​ជា​អនុប្រធានាធិបតី​វិញ​ដែរ។

កាល​ពី​ថ្ងៃ​សៅរ៍ គេ​បាន​សង្កេត​ឃើញ​ លោក ឌុយតឺតេ អម​ដំណើរ​មនុស្ស​ជំនិត​របស់​លោក​គឺ សមាជិក​ព្រឹទ្ធសភា លោក បុង ហ្គោ (Bong Go) ទៅ​កាន់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ផ្លាស់ប្ដូរ​ការ​ឈរ​ឈ្មោះ​ពី​ បេក្ខភាព​អនុប្រធានាធិបតី ទៅ​កាន់​បេក្ខភាព​ប្រធានាធិបតី​វិញ។

លេខា​របស់​លោក ឌុយតឺតេ ទទួល​បន្ទុក​លើ​ផ្នែក​ទំនាក់ទំនង​លោក Martin Andanar បាន​ប្រាប់​អ្នក​កាសែត​ថា​ អ្នក​នយោបាយ​វ័យ​ ៧៦ឆ្នាំ​រូប​នេះ មាន​បំណង​ឈរ​ឈ្មោះ​ធ្វើ​ជា​អនុ​ប្រធានាធិបតី​វិញ ហើយ​លោក​នឹង​ត្រលប់​មក​ដាក់​ពាក្យ​នៅ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

តាម​ពិត​ទៅ​ ការ​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខភាព​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​ហ្វីលីពីន បាន​ផុត​កំណត់​កាល​ពី​ខែ​តុលា ប៉ុន្តែ​បេក្ខភាព​នីមួយៗ ដែល​ឈរ​ឈ្មោះ​រួច​ហើយ អាច​មាន​សិទ្ធិ​ផ្លាស់ប្ដូរ​ជាមួយ​បេក្ខភាព​ផ្សេង​ទៀត ដែល​មក​ពី​គណបក្ស​តែ​មួយ រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា។

លោក ឌុយតឺតេ មិន​អាច​ឈរ​ឈ្មោះ​បន្ត​ធ្វើ​ជា​ប្រធានាធិបតី​ហ្វីលីពីន​បាន​ទៀត​ទេ ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​ក្នុង​ប្រទេស​នេះ កំណត់​អាណត្តិ​ប្រធានាធិបតី​តែ​មួយ​អាណត្តិ​ ៦ឆ្នាំ​ប៉ុណ្ណោះ។ ចំណែក​ឯ អនុ​ប្រធានាធិបតី​វិញ អាច​ឡើង​កាន់​បាន​ ២អាណត្តិ ដោយ​មួយ​អាណត្តិ​ ៦ឆ្នាំ។

បន្ថែម​ពី​លើ​នេះ​ទៀត ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ និង​អនុ​ប្រធានាធិបតី​ខុស​ប្លែក​ពី​សហរដ្ឋអាមេរិក ដោយ​តំណែង​ទាំង​ពីរ​នេះ​ ទោះ​បោះឆ្នោត​ក្នុង​ពេល​តែ​មួយ​មែន តែ​អ្នក​បោះឆ្នោត​អាច​ជ្រើសរើស​បេក្ខភាព​មក​ពី​គណបក្ស​ ឬ សម្ព័ន្ធមិត្ត​ផ្សេង​គ្នា៕

ប្រភព៖ Rappler

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner