ប៉ូលីសប៉ូឡូញរកឃើញសាកសពបុរសជនជាតិស៊ីរីម្នាក់នៅជិតព្រំដែនបេឡារុស
ប៉ូលីសប៉ូឡូញនិយាយកាលពីថ្ងៃសៅរ៍ថា សាកសពបុរសជនជាតិស៊ីរីម្នាក់ត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉ូឡូញ ក្បែរព្រំដែនប្រទេសបេឡារុស ចំពេលមានភាពតានតឹងអន្តរជាតិកាន់តែខ្លាំងឡើងលើវិបត្តិជនអន្តោប្រវេសន៍ដែលសហភាពអឺរ៉ុបចោទប្រកាន់ថារដ្ឋាភិបាលក្រុងមីនស្ក៍ជាអ្នករៀបចំ។
អ្នកនាំពាក្យប៉ូលីសក្រុង Podlaska លោក Tomasz Krupa ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា បុគ្គលិកព្រៃឈើម្នាក់ជូនដំណឹងដល់ប៉ូលីសអំពីការរកឃើញសាកសពបុរសដែលមានអាយុប្រហែល ២០ ឆ្នាំ ដោយបន្ថែមថាសាកសព និងលិខិតឆ្លងដែនរបស់បុរសនោះត្រូវបានរកឃើញកាលពីថ្ងៃសុក្រ ហើយមូលហេតុនៃការស្លាប់គេមិនទាន់ដឹងនៅឡើយទេ។
ជនអន្តោប្រវេសន៍រាប់ពាន់នាក់មកពីមជ្ឈិមបូព៌ា កំពុងត្រដុលខ្លួនក្នុងលក្ខខណ្ឌអាកាសធាតុដ៏ត្រជាក់នៅតាមព្រំដែនរវាងប្រទេសបេឡារុស និងប៉ូឡូញ និងលីទុយអានី ដែលរារាំងពួកគេមិនឱ្យឆ្លងកាត់។ យោងតាមមន្រ្តីប៉ូលីសប៉ូឡូញ មនុស្សយ៉ាងហោចណាស់ ៨ នាក់បានស្លាប់ ប៉ុន្តែតួលេខនេះមិនមានការបញ្ជាក់ទេ ដោយសារប៉ូឡូញរារាំងអ្នកកាសែត ក្រុមសិទ្ធិមនុស្ស និងអង្គការមនុស្សធម៌មិនឱ្យចូលទៅតំបន់ដែលកំពុងមានវិបត្តិ។
ភាពតានតឹងអន្តរជាតិកំពុងកើនឡើង ដោយប្រទេសជិតខាងរបស់បេឡារុសព្រមានថា ស្ថានភាពអាចនឹងកើនឡើងជាជម្លោះយោធា ដោយសូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិកក៏បង្ហាញការព្រួយបារម្ភ។ បេឡារុសនិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនជនអន្តោប្រវេសន៍ដែលមកដល់ជំរុំបណ្តោះអាសន្ននៅតាមព្រំដែន កំពុងកើនឡើងជារៀងរាល់ថ្ងៃ ហើយមានក្រុមមួយមានមនុស្សប្រហែល ១០០ នាក់បានឆ្លងចូលទៅក្នុងទឹកដីប៉ូឡូញ។
សហភាពអឺរ៉ុបចោទប្រកាន់បេឡារុសថា បង្កជម្លោះក្នុងគោលបំណងដាក់សម្ពាធលើប្លុកជុំវិញការដាក់ទណ្ឌកម្មលើខ្លួន។ ប៉ុន្តែទីក្រុងមីនស្ក៍បដិសេធរឿងនេះ ហើយកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយថា ប្រទេសលោកខាងលិចគឺជាអ្នកទទួលខុសត្រូវចុងក្រោយសម្រាប់វិបត្តិនេះ។
ទោះយ៉ាងណាក៏ដោយ ជនអន្តោប្រវេសន៍មួយចំនួននិយាយថា កងកម្លាំងបេឡារុសជួយពួកគេឱ្យឆ្លងកាត់ព្រំដែន។ កាលពីថ្ងៃសៅរ៍ដូចគ្នា កងទ័ពប៉ូឡូញចេញផ្សាយវីដេអូមួយដែលបង្ហាញពីមនុស្ស ៥០ នាក់ត្រូវបានកម្លាំងបេឡារុសអមដំណើរឆ្លងកាត់ព្រំដែនដោយដករបងព្រំដែនបណ្តោះអាសន្ន។

ប្រភព៖ Reuters