ប្រធានាធិបតីហុងឌុយរ៉ាស់ថា «យើងជាមិត្តពិត» ក្នុងដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់

កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ វិច្ឆិកា​ប្រធានាធិបតី​ហុងឌុយរ៉ាស់គឺ​​លោក​ហ្វាន អ័រឡង់ដូ ហឺណាន់ដេស​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់ បាន​និយាយ​ថា​ប្រទេស​របស់​លោក​ និង​កោះ​នេះ​គឺ​ «ជា​មិត្ត​ពិត» ខណៈ​ក្រុង​តៃប៉ិ​ព្យាយាម​រក្សា​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​អាមេរិក​កណ្ដាល​នេះ​ក្នុង​ការ​ប្រកួត​ប្រជែង​ការទូត​ជា​មួយ​ក្រុង​ប៉េកាំង​។

ហុងឌុយរ៉ាស់ គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៥​ប៉ុណ្ណោះ​​ ដែល​រក្សា​ទំនាក់​ទំនង​ការ​ទូត​ផ្លូវការ​ជា​មួយ​កោះ​តៃវ៉ាន់​។យ៉ាងណា​មិញ​ ប្រទេស​ចិន​ចាត់​ទុក​កោះ​នេះ​ជា​ដែន​ដី​របស់​ខ្លួន​ តែ​​គ្មាន​សិទ្ធ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ការទូត​រដ្ឋ​ទៅ​រដ្ឋ​។

គណបក្ស​កាន់​អំណាច​របស់​លោក​ហឺណាន់ដេស​គឺ​កំពុង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​សម្រាប់​ការ​បោះឆ្នោត​នៅ​ចុង​ខែ​នេះ​ ដោយ​ការ​ស្ទង់​​មតិ​សាធារណៈ​បាន​រក​ឃើញ​ថា​គណបក្ស​ប្រឆាំង​គឺ​កំពុង​នាំ​មុខ​សំឡេង​។ ប្រសិន​បើ​ជាប់​ឆ្នោត បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រឆាំង​អ្នក​ស្រី​ស៊ីអូម៉ារ៉ា កាស្ត្រូ​បាន​ប្ដេជ្ញា​ថា​អ្នក​​ស្រី​នឹង​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន​ដែល​រួម​ទាំង​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​ជា​ផ្លូវ​ការ​ជា​មួយ​ប្រទេស​ចិន​វិញ​។

កោះ​តៃវ៉ាន់ ដែល​ជានិច្ច​កាល​លើក​ឡើង​ថា​ខ្លួន​ជា​ប្រទេស​ឯករាជ្យ ​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​កំពុង​ប្រើប្រាស់​ការ​បោះឆ្នោត​នៅ​ប្រទេស​ហុងឌុយរ៉ាស់​ដើម្បី​ «បង្កើត​ភាព​ចម្រូង​ចម្រាស់» ហើយ​បាន​ប្រាប់ ហុងឌុយរ៉ាស់​ឱ្យ​ប្រុង​ប្រយ័ត​ កុំ​ឱ្យ​ទាក់ទាញ​ដោយ​ការ​សន្យា​ «ភ្លឺផ្លេក​ និង​មិន​ពិត​» របស់​ក្រុង​ប៉េកាំង​។ ប្រទេស​ចិន​ និង​កោះ​តៃវ៉ាន់​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​វិញ​ទៅ​មក​ជុំវិញ «ការទូត​ដុល្លារ» ដែល​ជា​ការ​ផ្ដល់​ជំនួយ​ទៅ​ប្រទេស​ក្រីក្រ​ជា​ថ្នូរ​នឹង​ការ​ទទួល​ស្គាល់​ការទូត​ផ្លូវ​ការ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner