យោធាអាមេរិកលាក់បាំងការវាយប្រហារតាមអាកាស ដែលសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅស៊ីរី
កាសែតញូវយ៉កថែមស៍រាយការណ៍កាលពីថ្ងៃសៅរ៍ថា យោធាសហរដ្ឋអាមេរិកលាក់បាំងលើការវាយប្រហារតាមអាកាសក្នុងឆ្នាំ ២០១៩ នៅប្រទេសស៊ីរីដែលសម្លាប់ស្ត្រី និងកុមាររហូតដល់ ៦៤ នាក់ ដែលជាឧក្រិដ្ឋកម្មសង្គ្រាមអាចកើតមានក្នុងអំឡុងពេលប្រយុទ្ធជាមួយរដ្ឋអ៊ិស្លាម។
យោងតាមសេចក្ដីរាយការណ៍ ការវាយប្រហារតាមអាកាសពីរបន្តបន្ទាប់គ្នាជិតក្រុង Baghuz ធ្វើឡើងក្រោមការបញ្ជារបស់អង្គភាពប្រតិបត្តិការពិសេសរបស់អាមេរិកទទួលបន្ទុកប្រតិបត្តិការជើងគោកក្នុងប្រទេសស៊ីរី។ កាសែតដដែលចុះផ្សាយទៀតថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក មើលការខុសត្រូវលើប្រតិបត្តិការផ្លូវអាកាសរបស់សហរដ្ឋអាមេរិកក្នុងប្រទេសស៊ីរី ទទួលស្គាល់ការវាយប្រហារនេះជាលើកដំបូងកាលដោយនិយាយថា វាមានហេតុផលសមស្រប និងជាការការពារខ្លួន។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ប្រាប់ញូវយ៉កថែមស៍ ទីបញ្ជាការកណ្តាលរំឮកឡើងវិញនូវតួលេខដែលខ្លួនផ្តល់ឱ្យកាសែតថា មនុស្ស ៨០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ក្នុងនោះមានសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ១៦ នាក់ និងជនស៊ីវិល ៤ នាក់។ យោធានិយាយថា ខ្លួនមិនច្បាស់ទេថាតើមនុស្ស ៦០ នាក់ផ្សេងទៀតជាជនស៊ីវិល ឬយ៉ាងណា ដោយសារតែស្ត្រី និងកុមារអាចជាក្រុមសកម្មប្រយុទ្ធ។
អគ្គបញ្ជាការនៃក្រសួងការពារជាតិបើកការស៊ើបអង្កេតលើឧបទ្ទវហេតុកាលពីខែមីនាឆ្នាំ ២០១៩ ប៉ុន្តែរបាយការណ៍ត្រូវបាន ដកចេញពីការលើកឡើងណាមួយអំពីការទម្លាក់គ្រាប់បែក និងការស៊ើបអង្កេតឯករាជ្យហ្មត់ចត់ដែលមិនធ្លាប់មាន។ កាសែតញូវយ៉កថែមស៍និយាយថា របាយការណ៍របស់ខ្លួនថ្មីគឺផ្អែកលើឯកសារសម្ងាត់ និងការពិពណ៌នានៃរបាយការណ៍ដែលបានចាត់ថ្នាក់ ក៏ដូចជាការសម្ភាសន៍ជាមួយបុគ្គលិកដែលពាក់ព័ន្ធដោយផ្ទាល់។
កាសែតដដែលបន្តថា មេធាវីរបស់កងទ័ពអាកាសដែលមានវត្តមាននៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិការនៅពេលនោះជឿថា ការវាយប្រហារអាចជាឧក្រិដ្ឋកម្មសង្គ្រាម ហើយក្រោយមកបានជូនដំណឹងដល់អគ្គអធិការនៃក្រសួងការពារជាតិ និងគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភា នៅពេលដែលគ្មានចំណាត់ការណាមួយធ្វើឡើង។

ប្រភព៖ Reuters