សហព័ន្ធខ្មែរកីឡាទោចក្រយាន គ្រោងបើកវគ្គបណ្តុះបណ្តាលគ្រូកីឡាកម្រិត១ ដើម្បីជម្រុញឲ្យគ្រូបង្វឹកតាមបណ្តាក្លិបអោយមានបច្ចេកទេសបង្ហាត់ស្របតាមស្តង់ដាអន្តរជាតិ
អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា លោក នូ ចំរើន បានបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា សហព័ន្ធខ្មែរកីឡាទោចក្រយាន គ្រោងនឹងបើកវគ្គបណ្តុះបណ្តាលស្តីពីគ្រូបង្វឹកកម្រិត១ ដល់គ្រូបង្វឹកនៅតាមបណ្តាលក្លិប ក្រោមចំណុះសហព័ន្ធ ដើម្បីពង្រីកចំណេះដឹងយកទៅអនុវត្តចែករំលែកកីឡាករកីឡាការិនីតាមបច្ចេកទេសសស្តង់ដាអន្តរជាតិ។


អគ្គលេខាធិការ ខាងលើ អះអាងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ ទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ដោយសិក្សាជាមួយគ្រូឧទ្ទេសប្រទេសស្វីស ក្រោមការសហការឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា។
លោក បញ្ជាក់ទៀតថា វគ្គសិក្សានេះ នឹងទទួលបានការបណ្តុះបណ្តាលលើប្រភេទកង់គក់ និងកង់ភ្នំ ពិសេស គឺការរៀបចំរបបអាហាររូបត្ថម្ភ របៀបកម្តៅសាច់ដុំ ការជួសជុលកង់ និងការរៀបចំផែនការហ្វឹកហាត់ដល់កីឡាករ កីឡាការិនី។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីគ្រូបង្វឹកកម្រិត១ ដែលរៀបចំដោយសហព័ន្ធខ្មែរកីឡាទោចក្រយាននេះ សិក្ខាកាមដែលគ្រូបង្វឹកទាំងអស់នឹងទទួលបានការធ្វើតេស្តសមត្ថភាព ប្រសិនបើទទួលបាននិទ្ទេសល្អ នឹងបន្តទៅសិក្សាវគ្គកម្រិត២បន្តទៀត ដើម្បីចាប់យកចំណេះដឹង ក្លាយជាគ្រូបង្វឹកកម្រិតអន្តរជាតិ អាចមានសមត្ថភាពឈានទៅបង្វឹកជាលក្ខណៈអន្តរជាតិតាមបណ្តាប្រទេសនានា ពិសេស គឺអនុវត្តការបង្ហាត់កីឡាករ កីឡាការិនីនៅក្នុងប្រទេសអោយស្របតាមបច្ចេកទេសស្តង់ដា អន្តរជាតិ៕



