លោក វ៉្លាឌីមៀ ពូទីន៖ រុស្ស៊ីមិនចាំបាច់បង្កើនភាពតានតឹងនៅសមុទ្រខ្មៅជាមួយអង្គការ NATO ឡើយ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃ អាទិត្យ ចុងសប្តាហ៍មុននេះថា លោកបានច្រានចោលសំណើរបស់ក្រសួងការពារជាតិ ដើម្បីរៀបចំសមយុទ្ធយោធានៅសមុទ្រខ្មៅ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អង្គការ NATO ដោយសារតែលោកមិនចង់បង្កើនភាពតានតឹងនៅក្នុងតំបន់ទេ។
យោងតាមបទសម្ភាសន៍ដែលបានចេញផ្សាយនៅលើគេហទំព័រវិមានក្រឹមឡាំង លោក ពូទីន បាននិយាយថា លោកមិនចង់បញ្ឆេះភាពតានតឹងនៅក្នុងតំបន់សមុទ្រខ្មៅនោះទេ។ លោក ពូទីន បានបន្ថែមដូច្នេះថា ខ្ញុំគួរតែនិយាយថា ក្រសួងការពារជាតិរបស់យើងក៏បានស្នើឱ្យធ្វើសមយុទ្ធដែលមិនបានគ្រោងទុក នៅក្នុងតំបន់នៃសមុទ្រខ្មៅ ប៉ុន្តែខ្ញុំគិតថា វាមិនសមហេតុផលទេ ហើយមិនចាំបាច់ធ្វើឱ្យស្ថានការណ៍នៅទីនោះកាន់តែធ្ងន់ធ្ងរថែមទៀត។ សហរដ្ឋអាមេរិកបាននិយាយថា នាវាចម្បាំងរបស់ខ្លួនស្ថិតនៅក្នុងសមុទ្រខ្មៅ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តណាតូនៅក្នុងតំបន់។ លោក ពូទីន បន្ថែមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ នាពេលនេះកំពុងធ្វើសមយុទ្ធដែលមិនបានគ្រោងទុក ហើយខ្ញុំចង់សង្កត់ធ្ងន់ថា វាមិនមានការកំណត់ពេលទេ… សមយុទ្ធនៅសមុទ្រខ្មៅ… នេះជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់យើង។
គួរបញ្ជាក់ថា រុស្ស៊ីបានត្អូញត្អែរអំពីអ្វីដែលខ្លួនហៅថា ការកើនឡើងដ៏គ្រោះថ្នាក់នៃសកម្មភាពយោធាដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់សមុទ្រខ្មៅ ជាមួយនឹងសកម្មភាពយន្តហោះចារកម្មលោកខាងលិចកាន់តែខ្លាំង, ការហោះហើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រកាន់តែច្រើន និងវត្តមានរបស់នាវាចម្បាំងអាមេរិកពីរគ្រឿង។ សកម្មភាពមួយចំនួនបាននិងកំពុងកើតឡើងនៅតំបន់ជុំវិញឧបទ្វីបគ្រីមៀ។ ភាពតានតឹងក៏មានកម្រិតខ្ពស់ចំពោះអ្វីដែលមន្ត្រីអាមេរិកបានហៅថា ការបង្កើតយោធារុស្ស៊ីនៅជិតអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នារវាងបេឡារុស និងសហភាពអឺរ៉ុបផងដែរ៕ ប្រភព៖ CGTN


