ប្រមុខការទូតអាមេរិក៖ សហរដ្ឋអាមេរិក-ប៉ូឡូញពិភាក្សាគ្នាស្តីពីវិបត្តិជនចំណាកស្រុក និងការឈ្លានពានរបស់រុស្ស៊ី

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ប្រមុខការទូតកំពូលអាមេរិក និងប៉ូឡូញបានប្រកាសថ្កោលទោស ចំពោះការបង្កអោយមានវិបត្តិជនចំណាកស្រុកដោយរដ្ឋាភិបាលបេឡារូស នៅក្នុងការសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃ សៅរ៍ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត ប្រាយដ៍ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យម្សិលមិញថា លោករដ្ឋមន្រ្តី អាន់តូនី ប្លីងគែនបានអះអាងជាថ្មីអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសប៉ូឡូញ ក្នុងការប្រឈមមុខនឹងការកេងប្រវ័ញ្ចដ៏អាក្រក់របស់របបដឹកនាំរបស់លោកប្រធានាធិបតីបេឡារូស លូកាសិនខូ ទៅលើជនចំណាកស្រុកដែលងាយរងគ្រោះ។ បើតាមលោក ណេត ប្រាយដ៍ សកម្មភាពរបស់របបដឹកនាំលោក លូកាសិនខូ បានគំរាមកំហែងដល់សន្តិសុខ ការបែកបាក់ និងមានបំណងបង្វែរសកម្មភាពរបស់រុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែន។ ដោយឡែកលោក អាន់តូនី ប្លីងគែន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក៏បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់អ៊ីវ ឡឺ ទ្រីយ៉ង់ អំពីរបាយការណ៍ទាក់ទងនឹងសកម្មភាពយោធារុស្ស៉ីនៅក្បែរប្រទេសអ៊ុយក្រែនផងដែរ។

បើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី មានទាហានរុស្ស៊ីជិត ១០ម៉ឺននាក់កំពុងស្ថិតនៅជិតព្រំដែនប្រទេសអ៊ុយក្រែន ហើយលោកបានឲ្យដឹងទៀតថា បណ្តាប្រទេសលោកខាងលិចក៏បានចែករំលែកព័ត៌មានទាក់ទងនឹង សកម្មភាពយ៉ាងសកម្មរបស់យោធារុស្ស៊ីជាមួយទីក្រុងកៀវ ផងដែរ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner