កូនប្រុសលោកហ្គាដាហ្វីអតីតមេដឹកនាំផ្ដាច់ការលីប៊ីឈរឈ្មោះជាប្រធានាធិបតី
កូនប្រុសអតីតមេដឹកនាំផ្តាច់ការលីប៊ីលោក មូអាម៉ា ហ្គាដាហ្វី (Moammar Gadhafi) បង្ហាញខ្លួនស្ទើរតែជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍កាលពីថ្ងៃអាទិត្យ ដើម្បីចុះឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែធ្នូខាងមុខ ដែលគ្រោងជួយបញ្ចប់ភាពចលាចលជាច្រើនឆ្នាំចាប់តាំងពីឪពុករបស់លោកត្រូវបានផ្តួលរំលំ។
លោក Saif al-Islam Gadhafi វ័យ ៤៩ ឆ្នាំបង្ហាញខ្លួននៅក្នុងវីដេអូគណៈកម្មាធិការបោះឆ្នោតក្នុងការចុះហត្ថលេខាលើឯកសារនៅមជ្ឈមណ្ឌលបោះឆ្នោតក្នុងទីក្រុង Sebha ភាគខាងត្បូងប្រទេស។ លោក Saif al-Islam គឺជាឥស្សរជនលេចធ្លោជាងគេ និងមានភាពចម្រូងចម្រាសបំផុត ដែលរំពឹងថានឹងឈរឈ្មោះជាប្រធានាធិបតី រួមជាមួយមេបញ្ជាការយោធាភាគខាងកើតលោក Khalifa Haftar នាយករដ្ឋមន្ត្រីលោក Abdulhamid al-Dbeibah និងប្រធានសភាលោក Aguila Saleh ។
ថ្វីបើមានការគាំទ្រជាសាធារណៈពីភាគីនានាក្នុងស្រុកភាគច្រើន និងមហាអំណាចបរទេសសម្រាប់ការបោះឆ្នោតនៅថ្ងៃទី ២៤ ខែធ្នូក្ដី ក៏ការបោះឆ្នោតនៅតែស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែលអង្គភាពគូប្រជែងឈ្លោះប្រកែកគ្នាលើការគ្រប់គ្រង និងកាលវិភាគ។ សន្និសីទដ៏ធំមួយនៅទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ យល់ព្រមដាក់ទណ្ឌកម្មជនណាដែលរំខាន ឬរារាំងការបោះឆ្នោត ប៉ុន្តែនៅសល់មិនដល់ប្រាំមួយសប្តាហ៍ទៀតនោះ កិច្ចព្រមព្រៀងស្តីពីច្បាប់ដើម្បីគ្រប់គ្រងអ្នកដែលគួរអាចឈរឈ្មោះបាននៅតែមិនទាន់មាន។
លោក Saif al-Islam ដែលទទួលបានការអប់រំនៅសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ ធ្លាប់ត្រូវបានរដ្ឋាភិបាលជាច្រើនមើលឃើញថាជាមុខមាត់ដែលអាចទទួលយកបាន និងរួសរាយរាក់ទាក់របស់ប្រទេសលីប៊ី។ ប៉ុន្តែនៅពេលដែលការបះបោរផ្ទុះឡើងក្នុងឆ្នាំ ២០១១ ប្រឆាំងនឹងការគ្រប់គ្រងដ៏យូររបស់ឪពុកលោក លោក Saif al-Islam ជ្រើសរើសភ្លាមៗនូវភាពស្មោះត្រង់ចំពោះគ្រួសារ និងបោះបង់មិត្តភាពជាច្រើនរបស់លោកនៅលោកខាងលិច ដោយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖ «យើងប្រយុទ្ធនៅទីនេះក្នុងប្រទេសលីប៊ី យើងស្លាប់នៅទីនេះក្នុងប្រទេសលីប៊ី»។
យ៉ាងណាមិញ ចំពោះការឈរឈ្មោះប្រកួតប្រជែងប្រធានាធិបតីនាពេលនេះ ត្រូវបានអ្នកវិភាគនិយាយថា លោកប្រហែលជាមិនមែនជាអ្នកឈរឈ្មោះជួរមុខនោះទេ។

ប្រភព៖ CNN