ប្រជាជនថៃរាប់ពាន់នាក់ធ្វើបាតុកម្មទាមទារឱ្យធ្វើការកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ពលរដ្ឋ​​​​ថៃ​រាប់​ពាន់​នាក់​​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ ដោយ​ធ្វើ​ការ​ទាមទារ​ឱ្យ​ធ្វើ​ការ​កំណែ​ទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ ទោះ​បី​ជា​តុលាការ​ធម្មនុញ្ញ​ថៃ​ ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ថា ការ​ទាមទារ​បែប​នេះ​មិន​មាន​ធម្មនុញ្ញភាព​ទេ។

បាតុកម្ម​បែប​នេះ​បាន​ដឹកនាំ​ដោយ​ក្រុម​យុវជន ហើយ​ទន្ទឹម​នឹង​ការ​ទាមទារ​ឱ្យ​ស្ថាប័ន​កំពូល​នៅ​ថៃ​កែ​ទម្រង់ ពួក​គេ​ក៏​ទាមទារ​ឱ្យ​លោក​ ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រី​ថៃ ចុះ​ចេញ​ពី​តំណែង​ផង​ដែរ។

ក្រុម​បាតុករ​បាន​លើក​បដា ​សរសេរ​ថា៖ «គ្មាន​ទេ​របប​រាជាធិបតេយ្យ​ផ្ដាច់ការ​» និង «កំណែ​ទម្រង់​មិនមែន​ជា​ការ​រំលាយ​នោះ​ទេ»។

បាតុករ​ម្នាក់​បាន​អាន​សុន្ទរកថា​នៅ​ពី​មុខ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​រាជធានី​បាងកក​ថា៖ «ការ​កើន​ឡើង​អំណាច​របស់​ស្ដេច​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ថៃ​ងាក​ចេញ​ពី​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ត្រលប់​ទៅ​កាន់​របប​រាជាធិបតេយ្យ​ផ្ដាច់​ការ»។

នៅ​ថៃ​ ការ​ប្រមាថ​ព្រះ​មហាក្សត្រ​អាច​ប្រឈម​មុខ​នឹង​ពន្ធនាគារ​រយៈពេល ១៥ឆ្នាំ។ ចាប់​តាំង​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​កែ​ទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​កាល​ពី​ឆ្នាំ​មុន​មក មនុស្ស​យ៉ាង​តិច ១៥៧​ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​បទ​ល្មើស​មួយ​នេះ៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner