តុលាការសម្រេចដាក់លក់អតីតទីស្នាក់ការគណបក្សសង្ក្រោះជាតិ (Video Inside)
អតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិនៅសង្កាត់ចាក់អង្រែលើ ដែលជាកម្មសិទ្ធិរបស់ទណ្ឌិត សម រង្ស៊ី ត្រូវ តុលាការបានប្រកាសសម្រេចដាក់លក់ដោយបង្ខំដើម្បីយកលុយសងសំណងផ្នែករដ្ឋប្បវេណីដល់ដើមបណ្តឹង។ ការសម្រេចដាក់លក់ដោយបង្ខំអតីតទីស្នាក់ការនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើសុំឱ្យអនុវត្តវិធានបង្ខំ ដោយផ្ទាល់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទាំង៤ និងបណ្តឹងរបស់អយ្យការអមសាលាដំបូងភ្នំពេញ ចំនួន៤ សំណុំរឿងទៀត បន្ទាប់ពីភាគីអ្នកចាញ់ក្តី មិនបានបំពេញកាតព្វកិច្ចសងសំណងតាមសាលក្រម សាលដីកា ស្ថាពរ កាលពី៣ឆ្នាំមុន និងសាលក្រមស្ថាពរជាបន្តបន្ទាប់ទៀត។
ដើមបណ្តឹងរដ្ឋប្បវេណី រួមមាន៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមេ ធាវីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ប្តឹងដោយមេធាវីតំណាងរបស់សម្តេចតេជោ ហ៊ុន សែន, តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ៤ពាន់លានរៀល។ សាលដីកាស្ថាពរសំណុំរឿងនេះចេញដោយតុលាការកំពូល នា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
សម្រាប់ក្នុងសំណុំប្តឹងដោយមេធាវីតំណាងរបស់សម្តេច ហេង សំរិន តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ៤ពាន់លានរៀល។ សាលដីកាស្ថាពរសំណុំរឿងនេះ ចេញដោយតុលាការកំពូលនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ថែមពីនេះក្នុងសំណុំរឿងប្តឹងដោយមេធាវីតំណាងសម្តេចក្រឡាហោម ស ខេង, តុលា ការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ២ពាន់លានរៀល។ សាលក្រមស្ថាពរសំណុំរឿងនេះ ចេញ ដោយសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
ដោយឡែក ក្នុងសំណុំរឿងប្តឹងដោយមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា, តុលាការបានបង្គាប់ឱ្យលោក សម រង្ស៊ី សងជំងឺចិត្តចំនួន ១៨០០លានរៀល។ សាលក្រមស្ថាពរសំណុំរឿងនេះ ចេញដោយសាលាដំបូងរាជធានី ភ្នំពេញ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១៕