រដ្ឋមន្ត្រី ថោង ខុន៖ វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ ថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យទេសចរអន្តរជាតិ និងអ្នកដំណើរចូលកម្ពុជា ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក
ភ្នំពេញ៖ ឯ ឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ញាក់ថា គ្រប់វិស័យឯកជនទាំងអស់នៅក្នុងឧស្សាហកម្មទេសចរណ៍ បានគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានប្រាជ្ញាឈ្លាសវៃ មោះមុត ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំប្រទេសដោយមិនមានភាពរារែកក្នុងការស្វែង រកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរហូតបានស្ទើរតែ១០០% និងបានឈានដល់ការបើកដំណើរសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ជាពិសេសការបើកទទួលទេសចរអន្តរជាតិ ឡើងវិញដោយមិនតម្រូវឱ្យធ្វើចក្តាឡីស័ក។ឯ ឧ ថោង ខុន បានបញ្ជាក់ដូចនេះនារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំមន្ត្រីក្រោមឱវាទ និងមានការចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួន ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងឧស្សាហកម្ម ទេសចរណ៍ បើកកិច្ចប្រជុំបន្ទាន់ដោយផ្ទាល់ និងតាមប្រព័ន្ធ online ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការទទួលភ្ញៀវទេសចរឡើងវិញ។
ឯ ឧ រដ្ឋមន្រ្តី បានបញ្ជាក់ថា «វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់បានបង្ហាញភាពត្រេកអររីករាយ និងអរគុណដ៏ជ្រាលជ្រៅជូនចំពោះដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលលោកបានប្រកាសឱ្យបើកប្រទេសជាតិឡើងវិញ ដើម្បីទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងមកកាន់កម្ពុជាយើង ដោយមិនតម្រូវឱ្យធ្វើចក្តាឡីស័ក ។អ្នកទាំងអស់គ្នា មានការស្វាគមន៍និងអបអរសាទរ ចំពោះអ្វីដែលជាការដឹកនាំដ៏ឈ្លាសវៃ មោះមុត និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយសង្ឃឹមថា វិស័យទេសចរណ៍កម្ពុជានឹងចាប់ផ្តើមត្រឡប់មកវិញ»។
ឯ ឧ រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការឈានដល់ការបើកដំណើរការឡើងវិញនៃគ្រប់វិស័យនេះគឺដោយសារតែមានការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានមើលឃើញថាប្រជាពលរដ្ឋកម្ពជាមានភាពស៊ាំ ក្នុងសហគមន៍ដោយសារការចាក់វ៉ាក់សាំងបានច្រើន ដែលគិតមកដល់ពេលនេះបាន ប្រមាណ ជិត៨៨% នៃប្រជាជនសរុប។ ស្របជាមួយនឹងភាពរីករាយនេះ ឯ ឧ ថោង ខុន ក៏បានជំរុញឱ្យវិស័យឯកជនទាំងអស់ ត្រៀមរៀបចំឱ្យបានរួចរាល់ និងបន្តពង្រឹងឱ្យបានកាន់តែរឹងមាំថែមទៀតនូវ វិធានសុវត្ថិភាព(SOP) ដើម្បីទទួលទេសចរផ្ទៃក្នុងនិងទេសចរអន្តរជាតិ ព្រមជាមួយគ្នាក៏ត្រូវតែមានការបង្កើត និងពង្រីកបន្ថែមនូវផលិតផលទេសចរថ្មីៗ ប្លែក និងច្នៃប្រឌិត ដែលអាចទាក់ទាញទេសចរឱ្យបានកាន់តែច្រើន ដែលក្នុងនោះអាចជាទេសចរណ៍វប្បធម៍ ទេសចរណ៍កីឡា ទេសចរណ៍ជនបទ និងកសិទេសចរណ៍ ដែលសុទ្ធតែអាចទាក់ទាញភ្ញៀវទេសចរបាន។ព្រមជាមួយនោះក៏ត្រូវខិតខំជំរុញ ការបណ្តុះបណ្តាល អក្ខរកម្មឌីជីថលអោយបានសកម្មផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងដែលធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ លើកលែងតែអ្នកដែល មិនទាន់ចាក់វ៉ាក់សាំង គឺត្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសទាំងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប, តាមផ្លូវទឹក និងតាមផ្លូវគោកជាដើម ត្រូវធ្វើតេស្តរហ័សដែលត្រូវរង់ចាំរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ គឺអាចដឹងលទ្ធផលបាន។ បន្ទាប់ពីទទួល បានលទ្ធផល ធ្វើតេស្តអវិជ្ជមាន ហើយនោះ អ្នកដំណើរចូលកម្ពុជា ទាំងអស់អាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងហើយចូលមកកម្ពុជា តម្រូវឲ្យធ្វើតេស្តដោយម៉ាស៉ីន PCR និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមធ្វើការជាបន្ទាន់នូវការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីអាចដំណើរការការសម្រេចនេះ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ សម្រាប់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីទទួលបានការសម្រេចថ្មីនេះសូមឲ្យមានការលើកលែងការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការសម្រេចអនុញ្ញាតការមិនតម្រូវធ្វើចត្តាឡីស័ក ចំពោះអ្នកចាក់វ៉ាក់សាំង ពេញលេញ រួចនេះ គឺត្រូវជាមួយប្រទេសថៃ ឡាវ និងវៀតណាមផងដែរ។ សម្តេចតេជោ បន្ថែមថា ការមិនតម្រូវឲ្យធ្វើចត្តាឡីស័កនេះ គឺឆ្លើយតបទៅនឹងបរិបទថ្មី ដែលយើងត្រូវបានដំណើរការសេដ្ឋកិច្ចឡើងវិញ ខណៈប្រជាពលរដ្ឋខ្មែរ យើង ត្រូវការធ្វើដំណើរចេញចូលប្រទេស ប៉ុន្តែព្រួយបារម្ភអំពីការធ្វើចត្តាឡីស័ក នៅពេលនេះបងប្អូនប្រជាពលរដ្ឋលែងព្រួយបារម្ភ ពីការធ្វើចត្តាឡីស័កទៀតហើយ៕