គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យបេក្ខភាពអនុប្រធានទី១រដ្ឋសភា (Video Inside)
រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សប្តាហ៍ក្រោយ ដើម្បីពិនិត្យសំណើដាក់បេក្ខភាពកិត្តិសេដ្ឋា បណ្ឌិត ជាមយៀប ជាអនុប្រធានទី១ថ្មីរដ្ឋសភា។ គួរបញ្ជាក់ថាកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា បានទទួលមរណភាពកាលពីសប្តាហ៍មុនដោយជរាពាធ។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេ ជោ ហ៊ុន សែន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់លិខិតជូនទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើដាក់បេក្ខភាពអនុប្រធានទី១ នៃរដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា។
សំណើ របស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជារួមមាន៖
១៖ ជ្រើសតាំងកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធាន ទី១ រដ្ឋសភាជំនួសកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល។
ទី២៖ ជ្រើសតាំង លោក ឈាង វុន ជាប្រធានគណៈកម្មការទី២ គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម ជំនួសកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប។
ទី៣៖ ជ្រើសតាំង លោក សួស យ៉ារ៉ា ជាប្រធានគណៈកម្មការទី៥ គឺគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិ ការអន្តរជាតិ, ឃោសនាការ និងព័ត៌មាន ជំនួស លោក ឈាង វុន។
ទី៤៖ ជ្រើសតាំងលោក នឹម ច័ន្ទតារា ជាអនុប្រធានគណៈកម្មការទី៥។
ទី៥៖ ជ្រើសតាំង លោក ទី សុគន្ធ ជាលេខាធិការគណៈកម្មការទី៥ ជំនួស លោក នឹម ច័ន្ទតារា។
និងទី៦៖ ជ្រើសតាំង លោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការទី៥ ជំនួស លោក ទី សុគន្ធ៕