សមត្ថកិច្ចបន្តរកឃើញអាវុធច្រើនដើមទៀតលាក់ទុកនៅចំការមៀនស្រុកភ្នំព្រឹកខេត្តបាត់ដំបង (Video Inside)
កាំភ្លើងជាច្រើនដើមទៀត ត្រូវបានបន្តរកឃើញនៅតំបន់ស្រុកភ្នំព្រឹកខេត្តបាត់ដំបងក្បែរព្រំដែនថៃដែលនាំឲ្យ សមត្ថកិច្ចបានប្រញាប់ស្វែងរកតម្រុយជាប់ពាក់ព័ន្ធសង្ស័យ។ កាលពីថ្ងៃទី១២វិច្ឆិកា កាំភ្លើងអាកាស្វ័យប្រវត្តិ ៣០ដើមនិងកាំភ្លើង M79 ៣ដើម រួមជាមួយបង់គ្រាប់ថ្មីៗជាច្រើនត្រូវបានគេប្រទះឃើញលាក់ទុកក្នុងចំការមៀន មួយកន្លែងក្នុងក្រុមទី២, ភូមិអូររំដួល, ឃុំអូររំដួល នៃស្រុកភ្នំព្រឹក, និងកាំភ្លើងអាកាប្រមាណ២០ដើមទៀតត្រូវ បានគេរកឃើញបន្ថែមនៅក្នុងចំការមៀនដដែល ដោយនាំឳ្យចំនួនកាំភ្លើងដែលបានរកឃើញសរុបកើនដល់ ៥៣ដើមហើយ។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃលោកខៀវ សុភ័គ ត្រូវសារព័ត៌មានក្នុងស្រុកបានដកស្រង់ពាក្យ សម្តីដែលសង្ស័យលើទិដ្ឋភាព៣ដែលអាចជាប់ពាក់ព័ន្ធ, ចំណុចទី១អំពើរត់ពន្ធអាវុធទៅប្រទេសមីយ៉ាន់ម៉ាដោយ សារនៅមីយ៉ាន់ម៉ាត្រូវការអាវុធដើម្បីការធ្វើសង្គ្រាមស៊ីវិល, ចំណុចទី២អាចជាប់ពាក់ព័ន្ធក្រែងលោមានចលនា ឧទ្ទាមនៅក្នុងស្រុកយើងអាវុធលាក់ទុកដើម្បីរង់ចាំការផ្ទុះអាវុធ, និងចំណុចទី៣អាចជាអាវុធរបស់ក្រុមចោរប្លន់, ទោះជាយ៉ាងណាក៏ដោយ, មន្ត្រីក្រសួងមហាផ្ទៃបានដាក់ការសង្ស័យថាអាចជាប់ទាក់ទងនឹងអំពើរត់ពន្ធអាវុធ នោះច្រើនជាង។
សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងដាក់បទ បញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកម្ចាស់កាំភ្លើងទាំងនោះដើម្បីធ្វើការដាក់ទោសតាមច្បាប់។ សមត្ថកិច្ចបានឳ្យដឹង ដែរថាគេបានរកឃើញតម្រុយដែលបានជាប់ពាក់ព័ន្ធនិងកំពុងអនុវត្ត វិធានការណ៍តាមផ្លូវច្បាប់ហើយនាពេល នេះ៕