កងកម្លាំងប៉ូឡូញប្រើឧស្ម័នបង្ហូរទឹកភ្លែក និងកាណុងបាញ់ទឹកលើជនចំណាកស្រុក ខណៈដែលការប៉ះទង្គិចនៅព្រំដែនបេឡារុសកាន់តែខ្លាំង
ប៉ូឡូញ៖ កងកម្លាំងប៉ូឡូញបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកទៅលើជនចំណាកស្រុកដែលកំពុងព្យាយាមឆ្លងព្រំដែនជាមួយប្រទេសបេឡារុស ដែលនាំឱ្យមានការបង្កើនជម្លោះដែលកំពុងបន្តរវាងប្រទេសទាំងពីរ។
ជនចំណាកស្រុករហូតដល់ ៤ពាន់នាក់ត្រូវបានគេប៉ាន់ស្មានថា កំពុងបោះជំរុំនៅខាងព្រំដែនបេឡារុស។ មានសេចក្តីរាយការណ៍ថា ដុំថ្មត្រូវបានគប់លើឆ្មាំព្រំដែនប៉ូឡូញ ដែលជំរុញឱ្យមានការប្រើប្រាស់កាណុងបាញ់ទឹក បើទោះបីជាមានលក្ខខណ្ឌអាកាសធាតុត្រជាក់ក៏ដោយ។ ក្រសួងការពារជាតិប៉ូឡូញបានបញ្ជាក់ថា ជនចំណាកស្រុកបានវាយប្រហារលើទាហាន និងមន្រ្តីរបស់យើងដោយថ្ម ហើយកំពុងព្យាយាមបំផ្លាញរបង និងឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ។ កងកម្លាំងរបស់យើងបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកការឈ្លានពានរបស់ជនចំណាកស្រុកទាំងនោះ។
ក្នុងចំណោមទាហានប៉ូឡូញ ១ម៉ឺន៥ពាន់នាក់ ដែលដាក់ពង្រាយនៅតាមព្រំដែន មន្ត្រីបានរាយការណ៍ថា មានប៉ូលិសម្នាក់ ឆ្មាំព្រំដែនម្នាក់ និងទាហានម្នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានោះ។ ជុំវិញបញ្ហានេះដែរ ខាងភាគីបេឡារុសបានឆ្លើយតបដោយចោទប្រកាន់ប៉ូឡូញថា ធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសបេឡារុស លោក Anatoly Glaz បាននិយាយថា យើងឃើញថ្ងៃនេះពីខាងភាគីប៉ូឡូញដែលការបង្កហេតុដោយផ្ទាល់ និងការធ្វើបាបអមនុស្សធម៌ចំពោះជនពិការ៕ ប្រភព៖ CGTN


