ក្រុមអធិរាជទឹកក្រូច ហុល្លង់ និងបារាំង បានឡើងស្វ័យប្រវត្តិ World Cup ២០២២ នៅកាតា ក្រោយឈ្នះយប់មិញដូចគ្នា
ក្រុមជម្រើសជាតិហុល្លង់ បានកក់កន្លែងលេង World Cup ឆ្នាំក្រោយ នៅប្រទេសកាតា បន្ទាប់ពីបានយកឈ្នះន័រវែស ២-០ កាលពីយប់មិញ ស្របពេលក្រុមមាន់គោកបារាំង ឈ្នះ ហ្វង់ឡង់ ២ទល់០ ដូចគ្នា ។
២គ្រាប់ជ័យជម្នះ ក្រុមអធិរាជទឹកក្រូច ធ្វើបានដោយខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Memphis Depay និង Steven Bergwijn របស់ក្លឹប Spurs ។ ជ័យជម្នះបានធានាឲ្យហុល្លង់ បានទៅលេងស្វ័យប្រវត្តិ នៅ World Cup តែម្ដង ។
រីឯន័រវែស បានបាត់បង់ឱកាសលេងវគ្គ Play-offs ដោយសារតែទួរគី បានយកឈ្នះម៉ុងតេនេហ្គ្រោ ដណ្ដើមបានលេខ២ ក្នុងពូល G ។ ចំណែកឯក្រុមមាន់គោកបារាំង កួ៏ទទួលបានកៅអីស្វ័យប្រវត្តិដែរ ដោយយកឈ្នះ ហ្វង់ឡង់ ២ទល់០ រកបានដោយកីឡាករ Karim Benzama និង Kylian Mbappe ម្នាក់មួយគ្រាប់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅតំបន់អឺរ៉ុប រកឃើញ១០ក្រុមហើយ ដែលបានឡើងស្វ័យប្រវត្តិ World Cup ២០២២ មាន៖ ស៊ែប៊ី , អេស្ប៉ាញ , ស្វីស , បារាំង , ប៊ែលហ្ស៊ិក , ដាណឺម៉ាក , ហុល្លង់ , ក្រូអាត , អង់គ្លេស និងក្រុមឥណ្រ្ទីដែកអាល្លឺម៉ង់ ៕










