ជនអន្តោប្រវេសន៍ដែលជាប់គាំងត្រឹមព្រំដែនបេឡារុស-ប៉ូឡូញទាំងគ្មានអាហារ ត្រដររស់ដោយប្រឈមមុខកាន់តែធ្ងន់នឹងអាកាសធាតុត្រជាក់

ពេល​លោក ​Yousef ​ដែល​ជា​គ្រូ​បង្រៀន​ក្នុង​ក្រុង​ដាម៉ាស​របស់​ស៊ី​រី​ឮ​គេ​និយាយ​ត​ៗ​គ្នា​ថា​ជន​អន្តោប្រវេស​ន៍​អាច​ឆ្លង​ទៅ​សហភាព​អឺរ៉ុប​តាម​ព្រំដែន​បេឡារុស-ប៉ូឡូញ​បាន​ដោយ​សុវត្ថិភាព​ ​លោក​ក៏​ចាប់​យក​ឱកាស​ដោយ​កក់​សំបុត្រ​យន្ត​ហោះ​ទៅ​កាន់​រដ្ឋ​ធានី​មីនស្ក៍​ភ្លាម​ៗ​។​ លោក​គិត​ថា​ វា​នឹង​ក្លាយ​ជា​ឱកាស​រក​លុយ​ចិញ្ចឹម​គ្រួសារ​ដែល​មាន​សមាជិក​ ៤​ នាក់​របស់​លោក​ឱ្យ​ល្អ​ប្រសើរ​ ដោយសារ​តែ​​​ប្រាក់​​ខែ​​គ្រូ​​បង្រៀន​ដែល​រដ្ឋ​ឱ្យ​មាន​ត្រឹម​តែ​ ៣០ ​ដុល្លារ​អាមេរិក​ ដែល​ពិបាក​សូម្បី​តែ​ទិញ​អង្ក​រ​ច្រក​ឆ្នាំង​។​

បុរស​វ័យ​ ៤៨ ​ឆ្នាំ​រូប​នេះ​និយាយ​ប្រាប់​ Al Jazeera ​ថា​ លោក​ធ្វើ​ចេញ​ដំណើរ​ពី​ស៊ីរី​ឆ្ពោះ​ទៅ​ក្រុង​មីនស្ក៍​ក្នុង​ខែ​តុលា​ជាមួយ​នឹង​មិត្តភក្តិ​៤​នាក់​ទៀត​របស់​លោក​ តាម​ជើង​ហោះ​ហើរ​ក្នុង​រដ្ឋធានី​បេរូត​ប្រទេស​លីបង់​។​ ដំបូង​ៗ​ អ្វី​ៗ​ហាក់​ដូច​ជា​ប្រកប​ទៅ​ដោយ​រលូន​ ដោយ​​អ្នក​ទាំង​ ៥ ​ធ្វើ​ដំណើរ​រហូត​ដល់ព្រំ​ដែន​បេឡារុស-ប៉ូឡូញ​។​

ប៉ុន្តែ​ក្រោយ​មក​រឿង​ហួស​ការ​រំពឹង​ទុក​ក៏​ចូល​មក​ដល់​ ពេល​​ក្រុម​របស់​លោក​បាន​ជួប​នឹង​ឆ្មាំ​ព្រំដែន​បេឡារុស​ ហើយ​រង​ការ​វាយ​ដំ​មុន​​នឹង​​បង្ខំ​​ពួក​​លោក​​​ឱ្យ​ទៅ​​ក្រោម​​របង​​ព្រំដែន​​លួស​​បន្លា​​ចូល​​ទៅ​​ក្នុង​​ប្រទេស​​ប៉ូឡូញ​។​ លោក​ Yousef ​និយាយ​ថា​៖​ ​«​គេ​វា​យ​​យើង​។​ មិត្ត​ខ្ញុំ​ត្រូវ​គេ​វាយ​បាក់​ក្ដោង​ច្រមុះ​។​ ​ គេ​​យក​​លុយ​​ ​លិខិត​ឆ្លង​ដែន​​យើង​ គេ​​យក​​គ្រប់​​យ៉ាង​ពី​យើង​»​។​ 

​នៅ​ក្នុង​ភាព​ចលាចល​ លោក​ Yousef ​​ត្រូវ​បាន​បំបែក​ចេញ​ពី​មិត្ត​ភ័ក្ត​ ហើយ​នៅ​តែ​ម្នាក់​ឯង​​ក្នុង​តំបន់​ព្រៃ​បេតិកភណ្ឌ​ពិភព​លោក​ Białowieża ​​​ក្នុង​សីតុណ្ហភាព​ដ៏​ត្រជាក់​ធ្លាក់​ចុះ​​ក្រោម​សូន្យ​អង្សាសេ​។​ មិន​យូរ​ប៉ុន្មាន​ លោក​ក៏​ជួប​ជន​ភៀស​ខ្លួ​ន​ និង​ជន​អន្តោប្រវេសន៍​ផ្សេង​ទៀត​ក្នុង​តំបន់​មិន​រាប់​បញ្ចូល​មួយ​​តា​ម​​ព្រំដែន​។​

គេប៉ាន់​ស្មាន​ថា​ មនុស្ស​ប្រមាណ​​ពី​ ៣ 000 ​ទៅ​ ៤ 000 ​នាក់​ត្រូវ​ជាប់​គាំង​​ក្នុង​តំបន់​នេះ​ ប៉ុន្តែ​តួរលេខ​នេះមិ​ន​ច្បាស់​លាស់​ទេ​ដោយ​សារ​ក្រុម​សិទ្ធិ​មនុស្ស​ អ្នក​កាសែត​ និង​ប្រជាពលរដ្ឋ​ដែល​មិន​មាន​មូលដ្ឋាន​នៅ​តំបន់​ព្រំដែន​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូ​ល​​​។​

លោក Yousef ​រត់​ចេញ​ពី​តំបន់​នេះចូ​ល​ទៅ​ក្នុង​ព្រៃ​ដោយ​ផឹក​ទឹក​ទន្លេ​ និង​បោះផ្លែឈើ​ក្នុង​ព្រៃ​ដែល​លោក​ឃើញ​បរិភោគ​ រហូត​ជួប​នឹង​ជន​ជាតិ​ស៊ីរី​ប្រហែល​ជា​បីនាក់​ផ្សេង​ទៀត​។​ ទី​បំផុត​ បន្ទាប់​ពី​រយៈ​ពេល​ប្រាំ​ថ្ងៃ​នៅ​ក្នុង​ព្រៃ​ លោក​ក៏​បាន​ឃើញ​ប៉ូលីស​ប៉ូឡូញ​ពីរ​នាក់​ ដែល​អនុញ្ញាត​ឱ្យ​លោក​ទូរស័ព្ទ​ទៅ​សេវា​សង្គ្រោះ​បន្ទាន់​ បន្ទាប់​ពីលោ​ក​ពន្យល់​ថា​លោក​មាន​ជម្ងឺ​លើស​ឈាម​។​

ឥឡូវ​នេះ ​លោក ​Yousef​ កំពុង​ស្នាក់​នៅ​មន្ទីរពេទ្យ​ Hajnówka ​​ភាគ​ខាង​កើត​ប្រទេស​ប៉ូឡូញ​ ទាំង​សង្វេក​ចង់​ត្រឡប់​ទៅ​ផ្ទះ​ជួប​ប្រពន្ធ​ និង​កូន​ពីរ​នាក់​របស់​លោក​នៅ​ឯ​ស្រុក​វិញ​។​ លោក​និយាយ​ទាំង​ទឹក​ភ្នែក​ថា​៖​ «​ខ្ញុំ​ចង់​ទៅ​ស៊ីរី​។​ ខ្ញុំ​ចង់​ទៅ​ព្រលាន​យន្តហោះ ​ខ្ញុំ​ចង់​ទៅ​ផ្ទះ​»​។​

លោក​បន្ត​ថា​៖​ «​ប្រាប់​ទៅ​អ្នក​រាល់​គ្នា​ ប្រសិន​បើ​នរណា​ចង់​មកទី​នេះ​​ សូម​កុំ​ម​ក​ ជា​ពិសេស​ឥឡូវ​នេះ​សូម្បី​តែ​អាកាសធាតុ​ក៏​អាក្រក់​។​ មនុស្ស​កំពុង​តែ​ស្លាប់​ក្នុង​ព្រៃ​»​។​ លោក​ Yousef ​និយាយ​ថា​ ​ទោះ​បី​លោក​មក​ដល់​មន្ទីរពេ​ទ្យ​ហើយ​ក្ដី​ លោក​ក៏​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​ប៉ូលីស​ប៉ូឡូញ​​ដែរ​។​

ជន​អន្តោប្រវេសន៍​ម្នាក់​ឈ្មោះ ​Sozan ​និយាយ​ទាំង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ​ពី​ក្នុង​មន្ទីរ​ពេទ្យ​ Hajnówka ​ដូច​លោក​ Yousef ​ដែរ​ថា​ នាង​មិន​ចង់​ត្រឡប់​ទៅ​តំបន់​មិន​រាប់​បញ្ចូល​វិញ​ទេ​។​ នាង​និយាយ​ថា​៖​ «​​​នៅ​ទីនោះ ​ខ្ញុំ​ផឹក​ទឹក​កខ្វក់​ ហើយ​គ្មាន​អ្វី​ហូប​ វា​ធ្វើ​ឱ្យ​ខ្ញុំ​ភ័យ​ខ្លាច​។​ ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ បើ​ឱ្យ​ខ្ញុំ​ទៅ​កន្លែង​ហ្នុង​វិញ​»​។​

​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ជន​អន្តោ​ប្រវេសន៍​ និង​ជន​ភៀស​ខ្លួន​រាប់​​ពាន់​នាក់​​ព្យាយាម​ចូល​ប្រទេស​ប៉ូឡូញ​តាម​ព្រំដែន​​បេឡារុស​។​ សហភាព​អឺរ៉ុប​ អង្គការ​ណាតូ​ និង​សហរដ្ឋ​អាមេរិក​ ​ចោទ​ប្រកាន់​មេដឹកនាំ​​បេឡារុស​លោក​ Alexander Lukashenko ពី​ការ​រៀប​ចំ​វិបត្តិ​ដោយ​គៀរគរ​ជន​អន្ដោ​ប្រវេសន៍​ និង​ជន​ភៀស​ខ្លួន​ឱ្យ​ចូល​ទៅ​ក្នុង​សហភាព​អឺរ៉ុប​តាម​ព្រំ​ដែន​របស់​ខ្លួន​ ដើម្បី​សង​សឹក​ចំពោះ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​​​។

គណៈ​កម្មការ​អឺរ៉ុប​​ពិពណ៌នា​អំពី​យុទ្ធសាស្ត្ររបស់លោ​ក ​Lukashenko ​ក្នុង​ការ​ទាក់​ទាញ​ជន​អន្ដោប្រវេសន៍​ និង​ជន​ភៀស​ខ្លួន​ទៅ​កាន់​ព្រំដែន​​​ថា​ជា ​«វិធីសាស្រ្ត​អមនុស្សធម៌​ និង​បែប​ក្មេង​ទំនើង​»​។​ ទំនាក់​ទំនង​ការ​ទូត​រវាង​បេឡារុស​ និង​ប៉ូឡូញ​កាន់​តែ​អាក្រក់​ទៅ​ៗ​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​អ្នក​ប្រឆាំង​របបរ​បស់លោ​ក ​Lukashenko ​​ភៀស​ខ្លួន​ទៅ​​ប៉ូឡូញ​។​

រដ្ឋាភិបាល​​លោក​ Lukashenko ​ប​ដិសេធ​ការ​ចោទ​ប្រកាន់​នានា​ រួម​ទាំង​ពី​សហរដ្ឋ​អាមេរិក​ ដែល​ថា​ខ្លួន​​បង្កើត​វិបត្តិ​ និង​កំពុង​ដឹកនាំ​ចលនា​ជន​អន្តោ​ប្រវេសន៍​។​

តាម​ការ​ចុះ​ផ្សាយ​របស់​ Al Jazeera ​ជន​អន្ដោ​ប្រវេសន៍​ និង​ជន​ភៀស​ខ្លួន​ជា​ច្រើន​ទទួល​បាន​​ព័ត៌មាន​មិន​ពិត​តាម​រយៈ​ការ​ផ្សាយ​ពាណិជ្ជក​ម្ម​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ឬ​ដោយ​ផ្ទាល់​ពី​អ្នក​រត់គេ​ច​​ពន្ធ​​​ ដែល​​ស​ន្យា​ថា​ពួក​គេ​អាច​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​ និង​រហ័ស​ឆ្លង​កាត់​ព្រៃ​។​

មក​ទល់​ពេល​នេះ​ មនុស្ស​យ៉ាង​ហោច​ណាស់​ ៩​ នាក់​​ស្លាប់​ក្នុង​វិប​ត្តិ​ព្រំដែន​ ប៉ុន្តែ​ចំនួន​ទំនង​ជា​ខ្ពស់​ជា​ង​នេះ​បើ​យោង​តាម​បុគ្គលិក​មនុស្ស​ធម៌​។​ ខណៈ​​ដែល​​ការ​​ប្រឈម​​មុ​ខ​​គ្នា​​ខាង​​នយោបាយ​​នៅ​​តែ​​បន្ត​ ស្ត្រី ​កុមារ​ និង​​បុរស​​រាប់​​ពាន់​​នាក់​​ត្រូវ​​ជាប់​​គាំង​​នៅ​​ព្រំដែន​ក្នុង​តំបន់​មិន​រាប់​បញ្ចូល​។​ Border Group ​ដែល​ជា​បណ្តុំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាលដែ​ល​ផ្តល់​ការ​គាំទ្រ​ដល់​ជន​អន្តោ​ប្រវេសន៍ ​និង​ជន​ភៀស​ខ្លួន​ដែល​ជាប់​គាំង​នៅ​តាម​ព្រំដែន​ ទទួល​​សំណើ​ប្រហែល​ ១០០០​ ​ក្នុង​មួយ​សប្តាហ៍​។​ ​

​នៅ​ផ្នែក​ម្ខាង​នៃ​តំបន់​មិន​រាប់​បញ្ចូល​ គឺ​ជា​របង​ដែល​មាន​លួសឡា​ម​នៃ​ព្រំដែន​ផ្លូវ​ការ​ ហើយ​នៅ​ម្ខាង​ទៀត​មាន​ខ្សែប​ន្ទាត់​ព្រំដែន​ជាក់​ស្តែង​ដែល​ពោរ​ពេញ​ទៅ​ដោយ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ និង​ការពារ​ដោយ​ឆ្មាំ​ព្រំដែន​ប៉ូឡូញ​ ប៉ូលីស ​និង​យោធា​។​ ជន​ចំណាក​ស្រុក​ និង​ជន​ភៀស​ខ្លួន​ដែល​ជាប់​ក្នុង​តំបន់​មក​ពី​ប្រទេស​ផ្សេង​ៗ​រួម​ទាំង​អ៊ីរ៉ាក់​ ស៊ីរី​ អាហ្វហ្គានីស្ថាន​ យេម៉ែន​​ តួកគី​ ស៊ូដង់​ លីបង់​ ប៉ាឡេស្ទីន ​អេហ្ស៊ីប​ សេណេហ្គាល់ ​អេត្យូពី ​និង​ហ្គីណេ។​

​​លោក​ Michał Mikołajczyk ​សមាជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​នៅ​កាកបាទ​ក្រហម​ប៉ូឡូញ​ ​​ហៅ​ស្ថានភាព​នេះ​ថា​មិន​ធ្ងន់​រហូត​ដល់​​វិបត្តិ​មនុស្ស​ធម៌​ទេ​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ដោយ​សារ​ករណី​ជំងឺ​កូវីដ-១៩​នៅ​​ប៉ូឡូញ​កើន​ឡើង​ ហើយ​សីតុណ្ហភាព​ក៏​ធ្លាក់​ចុះ​ក្រោម​សូន្យ​អង្សាសេ ​លោកទ​ទួល​ស្គាល់​ថា​ «​ស្ថាន​ភាព​នឹង​កាន់​តែ​អាក្រក់​ទៅ​ៗ​»​។

វោហាសាស្ត្រ​របស់​រដ្ឋាភិបាល​ប៉ូឡូញ​ស្តាំ​និយម​ ជុំ​វិញការ​លុប​បំបាត់​​ជន​អន្តោប្រវេសន៍​ និង​ជន​ភៀស​ខ្លួន​ ត្រូវ​​បាន​​អ្នក​នយោបាយ​ប្រឆាំង​ និង​ផ្នែក​ធំ​នៃ​បណ្តាញ​ផ្សព្វ​ផ្សាយ​ប៉ូឡូញ​ដាក់​ឈ្មោះ​ថា​ជា​វោហាសាស្ត្រ​​ស្អប់​ខ្ពើម​អ៊ិស្លាម​ និង​ការ​ស្អប់​ខ្ពើម​ជន​ជាតិ​ដទៃ​។​ យោង​តាម​លោក​ Marta Górczyńska ​មេធាវី​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាសូវី​ ​ការ​មិន​អើពើ​នឹង​សំណើសុំ​សិទ្ធិ​ជ្រក​កោន​ និង​ការ​បញ្ជូន​មនុស្ស​ត្រឡប់​ទៅ​ប្រទេស​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ឬ​អំពើ​អមនុស្ស​ធម៌ ​បំពាន​ទាំង​ច្បាប់​សហភាព​អឺរ៉ុប​ និង​ប៉ូឡូញ​។​

លោក Rekar Hamid ​អាយុ ​៣២ ​ឆ្នាំ​​ជនជាតិ​ឃឺដ​មក​ពី​អ៊ីរ៉ាក់​ដែល​​ចំណាយ​ប្រាក់​ប្រហែល​ ១០ ០០០ ​ដុល្លារ​ដើម្បី​យក​ខ្លួន​ឯង​ ប្រពន្ធ ​និង​កូន​ប្រុស​អាយុ ​២​ ឆ្នាំ​របស់​លោក​​និយាយ​ថា​៖​ «​ខ្ញុំ​សុខ​ចិត្ត​ស្លាប់​នៅ​ទីនេះ​ក្នុង​ភាព​ត្រជាក់​ ជា​ជាង​ត្រឡប់​ទៅ​ប្រទេស​អ៊ីរ៉ាក់​វិញ​។​ ​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner