មីយ៉ាន់ម៉ាត្រៀមបើកព្រំដែនវិញ ដោយយោធាគិតថា ប្រទេសមានស្ថិរភាព ស្ថានភាពកូវីដធ្លាក់ចុះ
មីយ៉ាន់ម៉ាត្រៀមខ្លួនបើកប្រទេសវិញ ក្រោយពេលដែលអាជ្ញាធរយោធាគិតថា ប្រទេសរបស់ខ្លួនមានស្ថិរភាពនយោបាយ ខណៈការរាតត្បាតនៃជំងឺកូវីដ-១៩ មានសភាពធ្លាក់ចុះ។ នេះបើតាមការលើកឡើងរបស់លោក Maung Maung Ohn រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
លោកបានប្រាប់សារព័ត៌មានសិង្ហបុរី Straits Times ថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដីគោកនេះ «មិនមែនជាបញ្ហា» ទៀតឡើយ ស្របពេលដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចាក់វ៉ាក់សាំងដល់ប្រជាជនមីយ៉ាន់ម៉ា ដែលរាប់បញ្ចូលទាំងជនជាតិដើមភាគតិចបានចំនួនច្រើនគួរសមដែរហើយ។
គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា មីយ៉ាន់ម៉ាចាក់វ៉ាក់សាំងកូវីដ-១៩ទៅឱ្យប្រជាជនអាយុចាប់ពី ១៨ឆ្នាំឡើងទៅបានប្រមាណ ៤២,៥%ហើយ។
រដ្ឋមន្ត្រីខាងយោធារូបនេះបានបន្ថែមថា អំពើហិង្សានៅក្នុងស្រុកបានស្រាកស្រាន្ត និងមិនបង្កជាការគំរាមកំហែងដល់ភ្ញៀវទេសចរទៀតទេ។ លោកបានបន្តថា សណ្ឋាគារនានាកំពុងតែទទួលកក់ភ្ញៀវក្នុងស្រុកទៅហើយ សម្រាប់រដូវកាលឈប់សម្រាកខាងមុខនេះ។
នៅពេលបើកប្រទេស មីយ៉ាន់ម៉ានឹងទទួលភ្ញៀវទេសចរអន្តរជាតិចំពោះការធ្វើដំណើរទស្សនានៅតំបន់ទេសចរណ៍សំខាន់ៗដូចជា តំបន់ប្រាសាទបុរាណប៉ាហ្គានជាដើម។ ប៉ូលិស និងទាហាននឹងធ្វើការការពារសុវត្ថិភាពភ្ញៀវទេសចរបរទេស នៅពេលដែលពួកគេធ្វើដំណើរទស្សនានៅតំបន់ទាំងនោះ។ នេះបើតាមការលើកឡើងរបស់លោក Maung Maung Ohn។
ចំពោះនីតិវិធីនានា រដ្ឋមន្ត្រីរូបនេះបានប្រាប់ថា ខាងរដ្ឋាភិបាលយោធានឹងធ្វើការប្រកាសនៅខែមករា ឆ្នាំក្រោយ ដោយក្នុងនោះដែរក៏មានបែបបទក្នុងការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ក៏ដូចជាតម្រូវការទិដ្ឋាការនានាផងដែរ៕

ប្រភព៖ Straits Times