រុស្ស៊ីធ្វើតេស្តបាញ់មីស៊ីល រហូតដល់ថ្នាក់កម្ទេចផ្កាយរណបរបស់ខ្លួននៅលើអវកាស

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ធ្វើ​តេស្ត​បាញ់​មីស៊ីល​ប្រឆាំង​នឹង​ផ្កាយ​រណប​បាន​ដោយ​ជោគជ័យ ដោយ​បាន​កម្ទេច​ផ្កាយ​រណប​របស់​ខ្លួន​មួយ​គ្រឿង​ ដែល​បាន​បង្ហោះ​តាំងពី​ឆ្នាំ​១៩៨២​។

ផ្កាយ​រណប​នេះ​មាន​ឈ្មោះ​ថា «Tselina-D» ជា​ផ្កាយ​រណប​ចារកម្ម​ ​បង្ហោះ​កាល​ពី​សម័យ​សហភាព​សូវៀត តែ​វា​​មិន​ដំណើរ​ការ​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​ក្រោយ​មក​បាន​និយាយ​ថា មីស៊ីល​ដែល​បាន​បាញ់​ធ្វើ​តេស្ត​នេះ​ជា​មីស៊ីល​មាន​សក្ដានុពល​មួយ ដែល​អាច​បាញ់​ចំ​គោលដៅ​បាន​ល្អ។ លោក​ក៏​បាន​បន្ថែម​ថា កម្ទេចកំទី​ដែល​សល់​ពី​ការ​បាញ់​នេះ​មិន​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សកម្មភាព​អវកាស​អន្តរជាតិ​នោះ​ទេ។

ការ​លើកឡើង​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ មន្ត្រី​នៃ​សហរដ្ឋអាមេរិក​បាន​ចោទ​ខាង​រុស្ស៊ី​ថា ការ​ធ្វើ​តេស្ត​បាញ់​មីស៊ីល​នេះ​បង្ក​ជា «គ្រោះថ្នាក់​ និង​ជា​ឥរិយាបថ​ខ្វះ​ទំនួល​ខុស​ត្រូវ​» ដែល​បង្ក​ជា​ការ​គំរាមកំហែង​ដល់​អវកាសយានិក​ចំនួន ៧នាក់ ដែល​កំពុង​ធ្វើ​ការ​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)៕

ប្រភព៖ The Guardian

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner