តុលាការនឹងបើកសវនាការកាត់ទោសមេឧទ្ទាមក្រៅច្បាប់និងបក្ខពួក៤២នាក់ ពាក់ព័ន្ធការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៧ ខែធ្នូខាងមុខនេះ
ភ្នំពេញៈតុលាការក្រុងភ្នំពេញ នឹងបើកសវនាការជំនុំជម្រះកាត់ទោសមេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន៤២នាក់ ដែលពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលធ្វើរដ្ឋប្រហាររំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមរយៈផែនការ ៩វិច្ឆិកា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ជាមួយគ្នានេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានយកដីកាកោះហៅទណ្ឌិតរត់ចោលស្រុក រួមទាំងបក្ខពួកឱ្យចូលសវនាការនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ទៅបិទនៅសាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្បែរអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ដីកាកោះនេះចេញដោយលោក សេង ហៀងព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ។
លោក ប្លង់ សុផល អ្នកនាំពាក្យនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះថា សវនាការជំនុំជម្រះលើសំណុំរឿងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៤២នាក់ នឹងចាប់ផ្តើមពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តទៅ។
សំណុំរឿងដែលលើកយកមកសវនាកាលពីពេលកន្លងមក ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកានេះ មានចំនួន៤សំណុំរឿង ហើយជនជាប់ចោទដែលត្រូវកោះហៅមានចំនួនសរុប ១៣៩រូប។ ចំណែកជនជាប់ចោទចូលក្នុងសវនាការមានតែ ៣៤រូបប៉ុណ្ណោះក្នុងចំណោមជនជាប់ចោទសរុប ១៣៩នាក់នោះ ហើយសំណុំរឿងទាំងនេះ ត្រូវបញ្ចូលមកជា ២សំណុំរឿងវិញ។
ក្រុមអតីតសមាជិកបក្សប្រឆាំងចំនួន១៣៩នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់«រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រុមអតីតសមាជិកបក្សប្រឆាំងទាំង១៣៩នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រុមមេក្លោងផែនការ៩វិច្ឆិកា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមដោយក្នុងនោះមានការកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ ក្រៅពីកាត់ទោសទណ្ឌិត សម រង្ស៉ី តុលាការក៏បានកាត់ទោសលោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែនសុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។
ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួនកាលពីឆ្នាំ២មុននោះ គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ៕
ដោយៈ ពលជ័យ