ទោះបីស៊ីហ្គេមនៅវៀតណាមពុំមានកីឡាសូហ្វតិន្នីស ប៉ុន្តែការពង្រឹងសមត្ថភាពអត្តពលិកជម្រើសជាតិនៅតែបង្កើនការហ្វឹកហាត់ជានិច្ច
អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ជា សែន វិស្សុត បានបញ្ជាក់ថា អត្តពលិកកីឡាសហ្វតេនីកម្ពុជាចំនួន២៤រូប រួមជាមួយគ្រូបង្វឹក៤រូប កំពុងតែហ្វឹកហាត់បិទខ្ទប់យ៉ាងសកម្មនៅទីលានក្នុងសណ្ឋាគារ សូហ្វហ្វីតែល ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិនានា ពិសេស គឺការត្រៀមខ្លួនប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អគ្គលេខាធិការរូបនេះ បញ្ជាក់ថា ការប្រមូលផ្តុំជម្រើសជាតិហ្វឹកហាត់នៅក្នុងជំរុំបិទខ្ទប់នេះ កីឡាករកីឡាការិនីជម្រើសជាតិទាំងអស់ គឺស្នាក់នៅហូបចុករួមគ្នា នៅក្នុងមណ្ឌលកីឡានគរបាលជាតិ ស្ថិតនៅក្នុងនាយដ្ឋានភ័ស្ភភាខាងក្រោយព្រះបរមរាជវាំង ដោយការហូបចុកស្នាក់នៅ និងហ្វឹកហាត់ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីការពារការឆ្លងជំងឺកូវីដ១៩។

លោក អគ្គលេខាធិការ អះអាងទៀតថា ចាប់តាំងពីកីឡាករកីឡាការិនីចូលហ្វឹកហាត់នៅក្នុងជំរុំបិទខ្ទប់តាមការណែនាំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំយុវជននិងកីឡាឃើញថា កីឡាករកីឡាការិនីទាំងអស់មានការរីកចំរើនសមត្ថភាពច្រើនជាងការហ្វឹកហាត់តាមប្រព័ន្ធអនឡាញ។

លោក បញ្ជាក់ទៀតថា ការហ្វឹកហាត់បិទខ្ពប់នេះ ទោះបីអត្តពលិកជម្រើសជាតិយើងមិនបានចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២២យ៉ាងណាក្តី ក៏យើងនៅតែបន្តឆន្ទៈបង្កើនការហ្វឹកហាត់ជានិច្ច ដោយមិនទម្លាក់ដៃចុះឡើយ ។

គ្មានការប្រកួតនៅស៊ីហ្គេមប្រទេសវៀតណាម ប៉ុន្តែយើងមានព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀតនៅលើឆាកអន្តរជាតិ ដែលអត្តពលិកយើងត្រៀមខ្លួនទៅចូលរួមប្រជែងនៅចុងឆ្នាំ២០២១ នឹងចាប់ពីដើមឆ្នាំ២០២២ទៅ ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាព ត្រៀមក្រសោមយកមេដាយមាសជូនកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។
កីឡាករ ឯក ចំរើន និងកីឡាការិនី ម៉េត ម៉ារីយ៉ា បានបញ្ជាក់ថា ការហ្វឹកហាត់បិទខ្ពប់នេះ ពិតជាល្អណាស់ ព្រោះ ពួកគេអាចហ្វឹកហាត់ដោយផ្ទាល់ជាមួយគ្រូបង្វឹក និងមិត្តភ័ក្ករួមក្រុម ។ ពួកគេ អះអាងថា ប្រសិនបើសហព័ន្ធនៅតែបន្តហ្វឹកហាត់បិទខ្ទប់បែបនេះរហូតនោះ សម្រាប់ការប្រកួតលើឆាកអន្តរជាតិ ពិសេស ស៊ីហ្គេម ឆ្នាំ២០២៣ពួកគេមានសង្ឈឹមខ្ពស់ក្នុងការប្រជែងដណ្តើមបានមេដាយជូនកម្ពុជា។

សូមបញ្ជាក់ថា អត្តពលិកជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា ដែលកំពុងហ្វឹកហាត់បិទខ្ទប់នេះ មានចំនួន២៤នាក់ បុរស១២នាក់ និងស្រី១២នាក់ ដោយហ្វឹកហាត់នៅទីលានក្នុងណ្ឋាគារ សូហ្វីតែល និងហូបចុកស្នាក់នៅក្នុងមជ្ឈមណ្ឌលកីឡានគរបាលជាតិ ស្ថិតនៅក្នុងនាយកដ្ឋានភ័ស្ភភា ក្រោមព្រះបរមរាជវាំង៕អត្ថបទ៖ ជាវ ចន្ធូ