រថយន្តកាមរីបាឡែន បុករបាំងថ្មពុះចែកផ្លូវបាក់អស់២កង់រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ  ៖  បុរសម្នាក់ទំនងជាស្រវឹងស្រា  បានបេីករថយន្តកាមរីបាឡែនក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង  បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ  ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១  និង៤០នាទីយប់  ថ្ងៃទី១៨  ខែវិច្ឆិកា  ឆ្នាំ ២០២១  នៅតាមបណ្ដោយផ្លូវព្រះសីហនុ  កែងផ្លូវលេខ១៤៣  ក្នុងសង្កាត់បឹងកេងកងទី២  ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ  ។ 
 តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា  មុនពេលកេីតហេតុនោះ  គេសង្កេតឃេីញរថយន្តម៉ាក  កាមរីបាឡែន  ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ  2AP-8985 បេីកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា  បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ  ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង  បណ្ដាលឲ្យរបាំងថ្មបាក់អស់២កង់ ខ្ទាតទៅផ្លូវម្ខាងទៀត  រីឯរថយន្តបង្កបានផ្ទុះពោងទាំងសងខាង  និងខូចខាតផ្នែកខាងមុខយ៉ាងដំណំ  ហេីយបានធ្វេីដំណេីរទៅមុខបានជិត១០០ម៉ែត្រទៀតទេីបឈប់  ។ 
  ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ  ដោយខូចខាតតែរថយន្តបង្ក  និងរបាំងថ្មរបស់រដ្ឋតែប៉ុណ្ណោះ  ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់  ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ដេីម្បីធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក  រង់ចាំដោះស្រាយគ្នាតាមច្បាប់  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner