តួលេខភ្ញៀវទេសចរក្នុងស្រុកកើនឡើងមុនថ្ងៃបើក៣០វិច្ឆិកា (Video Inside)
តួលេខភ្ញៀវទេសចរណ៍ក្នុងស្រុកបានកើនឡើងនៅមុនពេលដែលកម្ពុជាត្រៀមបើកទទួលទេសចរណ៍ បរទេស សាឡើងវិញ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថាក្នុងរយៈពេលឈប់សម្រាក៣ថ្ងៃនៃបុណ្យ អុំទូកកន្លងមកនេះ ភ្ញៀវទេសចរដើរកំសាន្តក្នុងស្រុក មាន១លាន១សែន៤ម៉ឺន៧ពាន់៣៥៩នាក់ ក្នុងនោះភ្ញៀវ ជាតិមាន១លាន១៣ម៉ឺន២ពាន់៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១ម៉ឺន៤ពាន់៤៥៦នាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថាតួលេខភ្ញៀវទេសចរណ៍ជាងមួយលាននាក់នោះ គឺជាតួលេខច្រើនបំផុតលើកទី១ហើយ បន្ទាប់ពីកម្ពុជាបានស្ថិតក្នុងវិបត្តិឆ្លងកូវីដ១៩ចាប់តាំងពីមានព្រឹត្តិការណ៍២០កុម្ភៈនៃការឆ្លងចូលសហគមន៍នោះ មក។
គោលដៅទេសចរណ៍សំខាន់ៗក្នុងរយៈពេលឈប់សម្រាករួចមកនេះ រួមមាន រាជធានីភ្នំពេញ មានចំនួន ២០ម៉ឺន៣ពាន់៤៥៤នាក់, ខេត្តព្រះសីហនុមានចំនួន១៤ម៉ឺន៥ពាន់៤២នាក់,ខេត្តសៀមរាប ១៤ម៉ឺន១ពាន់២១៩ នាក់,ខេត្តកំពត ១០ម៉ឺន២ពាន់១៦៧នាក់, ខេត្តកែប ៩ម៉ឺន២ពាន់៥៣៨នាក់, ខេត្តពោធិ៍សាត់ ៧ម៉ឺន៥ពាន់ ៥៧៨ នាក់, ខេត្តបាត់ដំបង ៥ម៉ឺន៦ពាន់៦៧៩នាក់, ខេត្តកំពង់ស្ពឺ ៥ម៉ឺន៩៦០នាក់,ខេត្តមណ្ឌលគិរី ៤ម៉ឺន៩១៧ នាក់, ខេត្តកណ្តាល ៤ម៉ឺន២០៦នាក់, ខេត្តកោះកុង ៣ម៉ឺន៨ពាន់៦៥០នាក់, និង ខេត្តរតនគិរី ៣ម៉ឺន១ពាន់៤៥៧នាក់។
កម្ពុជាបានប្រកាសបើកទទួលទេសចរណ៍បរទេសសាឡើងវិញក្រោយថ្ងៃ៣០វិច្ឆិកា ជាពិសេសការបើកនៅ តាម គោលដៅសុវត្ថិភាពចំនួន៣ គឺនៅក្រុងព្រះសីហនុ, ក្រុងកោះរ៉ុង និងតំបន់តារាសាគរ, ចំណែកក្រុងអង្គរខេត្ត សៀមរាប កម្ពុជានឹងគ្រោងបើកទទួលភ្ញៀវទេសចរឡើងវិញ ចាប់ពី អំឡុងខែមករា ឆ្នាំ២០២២៕