បេឡារុសថាខ្លួនមិនចង់បានការប្រឈមមុខដាក់គ្នាទេ តែចង់ឱ្យសហភាពអឺរ៉ុបទទួលយកជនអន្តោប្រវេសន៍
វ៉ាសូវី៖ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយកាលពីថ្ងៃចន្ទថា បេឡារុសមិនចង់ប្រឈមមុខជាមួយប្រទេសប៉ូឡូញទេ ប៉ុន្តែចង់ឱ្យសហភាពអឺរ៉ុបទទួលយកជនអន្តោប្រវេសន៍ចំនួន ២០០០ នាក់ដែលជាប់គាំងនៅតាមព្រំដែនរបស់ខ្លួន បន្ទាប់ពីទីក្រុងវ៉ាសូវីព្រមានថាភាពតានតឹងលើមនុស្សជាប់គាំងអាចឱ្យអរិភាពរវាងប្រទេសទាំងពីរផ្ទុះឡើង។

សហភាពអឺរ៉ុបចោទប្រកាន់បេឡារុសថាផ្ដល់ជើងហោះហើរឱ្យមនុស្សរាប់ពាន់នាក់ពីមជ្ឈិមបូព៌ា ហើយជំរុញឱ្យពួកគេឆ្លងព្រំដែនដោយខុសច្បាប់ចូលទៅក្នុងសហភាពអឺរ៉ុបតាមរយៈប៉ូឡូញ លីទុយអានី និងឡេតូនី ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ប្លុកលើក្រុងមីនស្ក៍។ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាលលោក Lukashenko ច្រានចោល។
នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki ព្រមានកាលពីថ្ងៃអាទិត្យថា វិបត្តិជនអន្តោប្រវេសន៍តាមព្រំដែនប្រទេសបេឡារុស អាចជាការឈានទៅមុខកាន់តែអាក្រក់ទៅៗ ហើយឆ្មាំព្រំដែនប៉ូឡូញនិយាយថា កងកម្លាំងបេឡារុសនៅតែដឹកជញ្ជូនជនចំណាកស្រុកទៅកាន់ព្រំដែន។
យ៉ាងណាមិញ លោក Lukashenko និយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta លោកមិនចង់ឱ្យអ្វីៗដោរកាន់តែខ្លាំងទេ។ លោកនិយាយ៖ «យើងត្រូវតែបង្ហាញទៅគ្រប់ជនជាតិប៉ូឡូញឱ្យដឹងថា យើងមិនមែនជាមនុស្សព្រៃផ្សៃ ហើយយើងមិនចង់ប្រឈមមុខគ្នា។ យើងមិនត្រូវការវាទេ ព្រោះយើងយល់ថា បើជ្រុលពេក សង្រ្គាមនឹងកើតឡើងដោយជៀសមិនរួច»។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គណៈកម្មការអឺរ៉ុប និងអាល្លឺម៉ង់ច្រានចោលជាសាធារណៈនូវសំណើទទួលយកជនអន្តោប្រវេសន៍របស់បេឡារុស ប៉ុន្តែលោក Lukashenko និយាយកាលពីថ្ងៃចន្ទថា លោកត្រូវតែទទូចឱ្យអាល្លឺម៉ង់ទទួលយកសំណើរនេះហើយត្អូញត្អែរថា សហភាពអឺរ៉ុបមិនបានទាក់ទងជាមួយក្រុងមីនស្ក៍លើបញ្ហានេះទេ។
បេឡារុសមានផែនការបញ្ជូនជនអន្តោប្រវេសន៍ ៥ ០០០ នាក់ឱ្យត្រឡប់ទៅស្រុកវិញ ហើយលោក Lukashenko និយាយថា បេឡារុសកំពុងរៀបចំជើងហោះហើរទីពីរដើម្បីបញ្ជូនពួកគេនៅចុងខែនេះ។ ជនជាតិអ៊ីរ៉ាក់ជាង ៤០០ នាក់ត្រូវបានបញ្ជូនត្រឡប់ទៅអ៊ីរ៉ាក់វិញកាលពីសប្តាហ៍មុន ក្នុងជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ជាលើកដំបូងចាប់តាំងពីខែសីហា។
ប៉ូឡូញនិយាយថា កងកម្លាំងបេឡារុសនៅតែបញ្ជូនជនអន្តោប្រវេសន៍ទៅកាន់ព្រំដែន ទោះបីជាមានការបោសសម្អាតជំរុំជនចំណាកស្រុកសំខាន់ៗនៅតាមព្រំដែនកាលពីសប្តាហ៍មុនដោយជញ្ជូនពួកគេទៅកន្លែងបណ្ដោះអាសន្នក៏ដោយ។ ឆ្មាំព្រំដែនប៉ូឡូញនិយាយកាលពីថ្ងៃចន្ទថា ក្រុមអន្តោប្រវេសន៍ប្រហែល ១៥០ នាក់ព្យាយាមទម្លុះរបងព្រំដែនរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។