មេដឹកនាំបណ្តោះអាសន្នលីប៊ីនឹងឈរឈ្មោះជាប្រធានាធិបតី ទោះជាធ្លាប់សន្យាថាមិនធ្វើក៏ដោយ
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ប្រទេសលីប៊ីលោក Abdul Hamid Dbeibah នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោតនាខែធ្នូខាងមុខនេះ រួមជាមួយបេក្ខជនចំនួន ៦២ រូបដទៃទៀតដែលមានក្នុងបញ្ជីរបស់គណកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេស។

ការសម្រេចចិត្តរបស់លោក Dbeibah ដែលធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទនេះ ខុសពីអ្វីដែលលោកធ្លាប់សន្យានៅពេលលោកនិយាយទៅកាន់ស្ថាប័នអង្គការសហប្រជាជាតិតាមកញ្ចក់ទូរទស្សន៍កាលពីមុន ដោយថាអ្នកកាន់តំណែងបច្ចុប្បន្នក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន នឹងមិនស្វែងរកការឈរឈ្មោះបោះឆ្នោតទេ ដើម្បីកុំឲ្យបំពានតួនាទីរបស់ខ្លួន។
ដើម្បីមានសិទ្ធិឈរឈ្មោះបាន លោកត្រូវព្យួរតួនាទីរបស់លោកយ៉ាងហោចណាស់បីខែមុនថ្ងៃបោះឆ្នោត ប៉ុន្តែលោកមិនបានធ្វើឡើយ។ គេមិនទាន់ដឹងច្បាស់ទេថា តើគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសនឹងទទួលយកបេក្ខភាពរបស់លោកឬយ៉ាងណា។
លោក Dheibah គឺជាអ្នកនាំមុខគេក្នុងការស្ទង់មតិដែលធ្វើឡើងក្នុងខែសីហា។ លោកបានប្រើប្រាស់តួនាទីរបស់លោកដើម្បីធ្វើកិច្ចការធំៗជាច្រើន រួមទាំងគម្រោងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៧២ នៅទូទាំងប្រទេសក្រោមកម្មវិធី «Return to life»។ កម្មវិធីនេះផ្តោតជាពិសេសទៅលើយុវជន ប៉ុន្តែក៏បង្កើតបណ្តាញគាំទ្រ ដែលលោកអាចទាក់ទាញនៅក្នុងការបោះឆ្នោតនាពេលខាងមុននេះដែរ។
កាលពីដើមខែវិច្ឆិកា បេក្ខជនដ៏ចម្រូងចម្រាសជាច្រើនក៏លេចឡើងប្រកាសពីបេក្ខភាពរបស់ខ្លួនផងដែរ ក្នុងនោះរួមទាំងលោក Seif al-Islam ដែលជាកូនប្រុសរបស់អតីតមេដឹកផ្ដាច់ការលោក មូអាម៉ា កាដាហ្វី (Muammar Gaddafi) និងមេបញ្ជាការយោធាលោក Khalifa Hifter ដែលមានគេស្គាល់តាមរយៈការឡោមព័ទ្ធរដ្ឋធានីទ្រីប៉ូលីអស់រយៈពេលជិតមួយឆ្នាំក្នុងឆ្នាំ ២០១៩។
លោក Dbeibah ដែលរងការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយប្រាប់អ្នកសារព័ត៌មានថា លោកនឹងទទួលខុសត្រូវចំពោះការបន្តកសាងប្រទេសឡើងវិញ ដែលហែកហួរដោយសង្រ្គាមស៊ីវិលជាច្រើនឆ្នាំ។ ខណៈពេលដែលមានឥស្សរជនធំៗមួយចំនួនប្តេជ្ញាចិត្តដើម្បីព្យាយាមផ្សះផ្សាប្រទេសនោះ គ្រោះថ្នាក់គឺថាអ្នកបោះឆ្នោតដែលបែងចែកនៅភាគខាងកើត និងខាងលិចនៃប្រទេស នឹងគាំទ្របេក្ខជនគណបក្សដែលគាំទ្រតំបន់ ឬកុលសម្ព័ន្ធរបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសលីប៊ីអ្នកស្រី Najla el Mangoush និយាយថា៖ «ជាច្រើនទស្សវត្សរ៍នៃការអប់រំអន់ថយក្រោមការដឹកនាំរបស់លោកកាដាហ្វី ប្រជាជនលីប៊ីមិនដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួនច្បាស់ ដូច្នេះពួកគេមិនអាចកំណត់អត្តសញ្ញាណខ្លួនបាន ដែលងាយរងគ្រោះសម្រាប់នយោបាយប្រកាន់អត្តសញ្ញាណជ្រុលនិយម»។ អ្នកស្រីព្រមានថា ឥស្សរជននយោបាយមួយចំនួនយកការភ័យខ្លាច បង្អាប់អ្នកដទៃ ដើម្បីញុះញង់ឱ្យមានជម្លោះ។