ស៊ី ជីនភីង ប្រាប់ប្រទេសអាស៊ានថា ចិនប្រឆាំងដាច់ខាតនឹងអនុត្តរភាព និងការប្រកួតប្រជែងអំណាច

ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនភីង បាន​ប្រាប់​អស់​លោក​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង ១០​ថា ប្រទេស​ចិន​ «ប្រឆាំង​ដាច់​ខាត​នឹង​អនុត្តរភាព និង​ការ​ប្រកួត​ប្រជែង​អំណាច»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន ដើម្បី​ប្រារព្ធ​ខួប ៣០ឆ្នាំ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ភាគី​ទាំង​ពីរ។

លោក​បាន​លើកឡើង​ថា៖ «យើង [អាស៊ាន និង​ចិន] ត្រូវ​តែ​កសាង​ផ្ទះ​នៃ​សន្តិភាព​រួម​គ្នា»។ បន្ថែម​ពី​នេះ​ទៀត​ លោក​នៅ​តែ​បន្ត​បញ្ជាក់​ពី​គោលជំហរ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ និង​បញ្ហា​នានា​តាម​រយៈ​ការ​សន្ទនា​គ្នា ដោយ​ផ្អែក​តាម​ប្រព័ន្ធ​ពហុភាគី​និយម។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ​គឺ ចិន​ត្រៀម​ខ្លួន​ក្នុង​ការ​ចុះ​ពិធីសារ​នៃ​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍ ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ ឱ្យ​បាន​នា​ពេល​ឆាប់ៗ​នេះ។

ការ​លើកឡើង​បែប​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល អូស្ត្រាលី អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​រួម​គ្នា​បង្កើត​ជា​សម្ព័ន្ធ​ភាព​ជា​ដៃ​គូ​ AUKUS ដោយ​ផ្ដល់​បច្ចេកវិទ្យា​ទៅ​កាន់​អូស្ត្រាលី ហើយ​ជាពិសេស​ទៅ​ទៀត​នោះ​គឺ ការ​ផ្ដល់​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។ AUKUS នេះ​ហើយ ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ បារម្ភ​អំពី​ការ​ប្រកួត​ប្រជែង​សព្វាវុធ​នៅ​ក្នុង​តំបន់។

អំឡុង​កិច្ចប្រជុំ​អាស៊ាន-ចិន​ពិសេស​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ ចិន និង​អាស៊ាន​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ដំឡើង​ស្ថានភាព​ទំនាក់ទំនង​រវាង​គ្នា​ និង​គ្នា​ពី ដៃ​គូ​ជា​យុទ្ធសាស្ត្រ ទៅ​ជា​ដៃ​គូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​ជា​ទំនាក់ទំនង​ខ្ពស់​ជាង​គេ​នៅ​ក្នុង​វិស័យ​ការ​ទូត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner