មេដឹកនាំរុស្ស៊ី និងអ៊ីតាលីធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទស្តីពីវិបត្តិជនភៀសខ្លួននៅព្រំដែនប្រទេសប៉ូឡូញ-ប៉េឡារុស
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី បានសន្ទនាគ្នាតាមទូរស័ព្ទ នៅថ្ងៃ ចន្ទ ដើមសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលទ្វេភាគី និងវិបត្តិជនភៀសខ្លួននៅព្រំដែនប្រទេសប៉ូឡូញ-បេឡារុស។
លោក ពូទីន បានទាក់ទាញការយកចិត្តទុកដាក់ចំពោះការរំលោភជាប្រព័ន្ធ នៃសិទ្ធិជនភៀសខ្លួនរបស់ប្រទេសប៉ូឡូញ ជាពិសេសការប្រព្រឹត្តយ៉ាងឃោរឃៅចំពោះជនចំណាកស្រុកនៅក្នុងដៃរបស់ឆ្មាំព្រំដែនប៉ូឡូញ។ វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថាកិច្ចសន្ទនារវាងសហភាពអឺរ៉ុប-បេឡារុស នឹងដឹកនាំទៅដល់ការដោះស្រាយការប្រឈមមុខដាក់គ្នា។
គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះលោក ពូទីន ក៏បានធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីបេឡារុសលោក អាឡិចសាន់ដឺ លូកាសិនកូ ពាក់ព័ន្ធនឹងវិបត្តិជនភៀសខ្លួននៅតាមព្រំដែនប្រទេសបេឡារុស និងប៉ូឡូញផងដែរ។ ក្នុងអំឡុងការជជែកគ្នានោះ មេដឹកនាំទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពដែលមិនអាចទទួលយកបានរបស់ប៉ូឡូញ រួមទាំងការប្រើប្រាស់មធ្យោបាយពិសេស។ នេះបើតាមវិមានក្រឹមឡាំង៕ ប្រភព៖ CGTN