ក្រសួងមហាផ្ទៃសម្រេចចុះឈ្មោះគណបក្សកម្ពុជានិយម
ភ្នំពេញៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សូមជម្រាបថា គណបក្សកម្ពុជានិយម ត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាឲ្យបង្កើតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានធ្វើលិខិតជម្រាបជូនលោក អូក អ៊ី ជាតំណាងស្ថាបនិកគណបក្សកម្ពុជានិយមបានឲ្យដឹងថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើត “គណបក្សកម្ពុជានិយម” ដែលសរសេរជាអក្សរកាត់ “ប.ក” ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្ក រាជធានីភ្នំពេញ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប)ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
បើយោងតាមប្រភពបានបង្ហើបប្រាប់ AMS ថា ក្រុមដែលបង្កើតគណបក្សកម្ពុជានិយម គឺជាមនុស្សដែលសិ្នទ្ធជាមួយលោក កឹម សុខា នឹងទើបតែទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីពេលថ្មីៗនេះ។ ការណ៍ដែលក្រុមមនុស្សរបស់លោក កឹម សុខា សម្រេចបង្កើតគណបក្សថ្មីនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមនុស្សរបស់មេឧទ្ទាមក្រៅច្បាប់ ទណ្ឌិត សម រង្ស៊ី បានដាក់ពាក្យស្នើសុំបង្កើតគណបក្ស “បេះដូងជាតិ”។
គួរបញ្ជាក់ថា មកដល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ជាង២០រូប ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ ដោយក្នុងនោះមានមួយចំនួនបានបង្កើតគណបក្សថ្មី មានដូចជា៖
១. លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ បង្កើតគណបក្សខ្មែរអភិរក្ស
២. លោក ជីវ កត្តា អតីតតំណាងរាស្ត្រ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ
៣. លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ បង្កើតគណបក្សកែទម្រង់កម្ពុជា
៤. ក្រុមមេឧទ្ទាមក្រៅច្បាប់បង្កើតគណបក្ស បេះដូងជាតិ៕
ដោយៈពលជ័យ
លោក យ៉ែម បុញ្ញឫទ្ធិ