«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ» ប្រវែងជាងមួយគីឡូម៉ែត្រ បានដាក់សម្ពោធប្រើប្រាស់ហើយ (Video Inside)
អតីតទីលានសមរភូមិដ៏ក្តៅក្នុងជំនាន់កម្ពុជាមានសង្គ្រាមស៊ីវិល បានក្លាយជាកន្លែងអភិវឌ្ឍន៍នៃសំណង់ស្ពាន ដ៏វែងមួយឆ្លងកាត់ទន្លេមេគង្គ។ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ» ប្រវែងជាងមួយគីឡូម៉ែត្រសាង សង់ក្នុងតម្លៃជិត៥៧លានដុល្លារ ត្រូវបានដាក់សម្ពោធនៅថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
សម្តេចបានថ្លែងប្រាប់អ្នកចូលរួមនានានៅក្នុងពិធី មួយនាថ្ងៃអង្គារ៍នេះថាកន្លែងដែលកំពុងមានស្ពានឆ្លងកាត់ទន្លេមេគង្គនេះ គឺជាអតីតសមរភូមិដ៏ក្តៅគគុកមួយ ក្នុង ជំនាន់ដែលប្រទេសរងនឹងសង្គ្រាមស៊ីវិល និងតំបន់នេះ គឺសុទ្ធតែជាកន្លែងដែលមានការរាយប៉ាយដោយគ្រាប់ មិនទាន់ផ្ទុះសេសសល់ពីអតីតកាលសង្គ្រាមស៊ីវិល។
សម្តេចតេជោហ៊ុនសែន បានហៅស្ពាននេះគឺជា «ស្ពានភ្ជាប់និស្ស័យ» ដែលមានអត្ថន័យទូលំទូលាយសំដៅការ ភ្ជាប់និស្ស័យរវាងប្រទេសកម្ពុជានិងប្រទេសចិន។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកវ៉ាង វិនធាន បានថ្លែង បញ្ជាក់នូវទឹកចិត្តរបស់ប្រទេសចិនក្នុងការជួយកសាងសមិទ្ធផលដល់កម្ពុជា និងលោកបញ្ជាក់ថាស្ពានដែលចិន បានជួយកសាងកម្ពុជាមានរហូតចំនួន៨ហើយគិតមកទល់នឹងពេលនេះ។
«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» បានចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ស្ពាននេះ នាត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ចំណែកត្រើយខាងកើត ស្ថិតនៅចំណុចភូមិក្តុលកណ្តាល, ឃុំទ្រា, ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
តួស្ពាននេះ មានប្រវែង១ពាន់១៣១ម៉ែត្រ ទទឹង ១៣ម៉ែត្រកន្លះ, ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ និង ជាស្ពានមានគន្លង២នៃផ្លូវរថយន្ត, គន្លងផ្លូវ២សម្រាប់ម៉ូតូ និងមានផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ធ្វើដំណើរ ទៅវិញទៅមកផងដែរ៕