តុលាការឃុំខ្លួនមន្ត្រីយោធា៤នាក់ ពាក់ព័ន្ធអំពើជួញដូរអាវុធ (Video Inside)

មនុស្សដែលបានឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងអាវុធលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បានកើនដល់៧នាក់ហើយដែលសុទ្ធសឹងតែជាមន្ត្រីយោធា។ ក្នុងចំណោមមន្ត្រីយោធាទាំង៧ នាក់រួមមានឧត្តមសេនីយ៍ទោផ្កាយ២ម្នាក់ និងឧត្តមសេនីយ៍ត្រីផ្កាយមួយម្នាក់ផងដែរ។

មិនមានសេចក្តីរាយ ការណ៍បង្ហាញនូវឈ្មោះមន្ត្រីយោធាទាំងអស់ដែលជាប់ពាក់ព័ន្ធនោះទេ បើទោះបីជាសេចក្តីរាយការណ៍តាមសារ ព័ត៌មានបានបង្ហើបឈ្មោះមន្ត្រីយោធា៣នាក់ ក្នុងនោះរួមមានឧត្តមសេនីយ៍ត្រី អូន ពិសិដ្ឋ ដែលបម្រើការងារនៅ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិក៏ដោយ។ មន្ត្រីយោធាទាំង៧ ត្រូវបានឃាត់នៅកន្លែង ផ្សេងគ្នាតាមបណ្តាខេត្ត ប៉ុន្តែត្រូវបានបញ្ជួនមកកាត់ទោសនៅសាលាដំបូងរាជធានីភ្នំពេញ។

ចៅក្រមស៊ើបសួរ លោក ហម ម៉េងសែ ត្រូវសារព័ត៌មានក្នុងស្រុកបានដកស្រង់ពាក្យសម្តីបញ្ជាក់ថ្ងៃនេះថាមន្ត្រី យោធា៤នាក់ត្រូវបានឃុំខ្លួន ខណៈ៣នាក់ផ្សេងទៀតកំពុងបន្តការសាកសួរ។ ក្នុងចំណោម៣នាក់ទៀតដែល កំពុងសាកសួរ រួមមានម្នាក់ជាឧត្តមសេនីយ៍ទោផ្កាយ២។

គួរបញ្ជាក់ថាការរកឃើញនិងបានចា​ប់ខ្លួនមន្ត្រីយោធាទាំង៧នាក់នេះ គឺនៅបន្ទាប់ពីសមត្ថកិច្ចបានរកឃើញអាវុធ ចំនួន៣៣ដើមដែលជាកាំភ្លើងអាកានិងកាំភ្លើងអឹម៧៩ លាក់ទុកក្នុងចំការមៀនមួយកន្លែងនៅក្នុងស្រុកភ្នំព្រឹក កាលពីថ្ងៃទី១២វិច្ឆិកា។

មិនមានសេចក្តីរាយការណ៍បញ្ជាក់អំពីមូលហេតុដែលនាំឲ្យមានការលាក់អាវុធទាំង៣៣ ដើមនោះឡើយ ប៉ុន្តែមន្ត្រីយោធា៤នាក់ក្រោយការសាកសួរនិងឃុំខ្លួនបណ្តោះអាសន្នរួចមកនេះ បានរងនឹងការ ចោទប្រកាន់ពីបទរក្សាទុក និងជួញដូរអាវុធដោយច្បាប់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner