សហរដ្ឋអាមេរិកគ្រោងបញ្ចេញប្រេងឆៅចំនួន៥០លានបារ៉ែល ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅនៅក្នុងទីផ្សារអន្តរជាតិ
វ៉ាស៊ីនតោន៖ អាមេរិកត្រៀមបញ្ចេញប្រេងរហូតដល់ ៥០លានបារ៉ែលពីស្តុកកម្រុងទុកជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការសម្របសម្រួលជាមួយចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និងអង់គ្លេស ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅ ក្រោយក្រុមប្រទេសអ្នកផលិតប្រេង OPEC+ បានបដិសេធការអំពាវនាវឱ្យបង្កើនបរិមាណបូមប្រេង។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអំពាវនាវម្តងហើយម្តងទៀតឱ្យអង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលគេស្គាល់ថា ជា OPEC+ ឱ្យបូមប្រេងបន្ថែមទៀត។ ប៉ុន្តែអង្គការមួយនេះ បានច្រានចោលសំណើទាំងនេះ ដោយសារតែសមាជិកក្រុមប្រទេសអ្នកនាំចេញប្រេងនេះ កំពុងធ្វើការយ៉ាងលំបាកដើម្បីសម្រេចបាននូវគោលដៅបង្កើនផលិតកម្មបច្ចុប្បន្នរបស់ខ្លួន ស្របពេលមានការព្រួយបារម្ភពីការវិលត្រឡប់មកវិញ នៃករណីឆ្លងជំងឺកូវីដ១៩ ដែលអាចនឹងធ្វើឱ្យតម្រូវការធ្លាក់ចុះម្តងទៀត។
សូមបញ្ជាក់ផងដែរថា ការបញ្ចេញស្តុកប្រេងបម្រុងទុកជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនេះ នឹងស្ថិតក្នុងទម្រង់នៃការផ្តល់កម្ចីទៅឱ្យក្រុមហ៊ុន ហើយក្រុមហ៊ុនទាំងនេះត្រូវតែសងប្រេងត្រឡប់មកនៅពេលក្រោយ។ បើតាមមន្ត្រីអាមេរិកនោះ នេះជាលើកទីមួយហើយ ដែលអាមេរិកសម្របសម្រួលក្នុងការបញ្ចេញប្រេងអោយក្រុមប្រទេសប្រើប្រាស់ប្រេងធំជាងគេមួយចំនួនរបស់ពិភពលោក៕ ប្រភព៖ CNA
