ចិន និងរុស្ស៊ីព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំងពីរ តាមរយៈការធ្វើសមយុទ្ធ និងការល្បាតរួមគ្នា

ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិន និងរុស្ស៊ីបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំងពីរ តាមរយៈការធ្វើសមយុទ្ធ និងការល្បាតរួមគ្នា។
ប្រមុខការពារជាតិចិនលោក Wei Fenghe និងសមភាគីរុស្ស៊ីលោក Sergei Shoigu បានជួបពិភាក្សាគ្នាតាមប្រព័ន្ធអ៊ីនធើណិត នៅថ្ងៃ អង្គារ សប្តាហ៍នេះ ដោយពួកលោកត្រូវបានអមដំណើរដោយមេបញ្ជាការកងទ័ពជើងទឹក និងទ័ពអាកាស។

ក្រសួងការពារជាតិចិនបានបញ្ជាក់ថា លោក Wei និងលោក Shoigu បានបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។លោករដ្ឋមន្រ្តីទាំងពីរបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងការធ្វើសមយុទ្ធជាយុទ្ធសាស្ត្រ ការល្បាតរួមគ្នា និងសកម្មភាពផ្សេងទៀត ដើម្បីការពារផលប្រយោជន៍ជាតិជាស្នូលរបស់ពួកលោក។ ចំនែកឯក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ដែរថា ភាគីទាំងពីរបានអះអាងថា នឹងអនុវត្តការឯកភាពគ្នាដែលសម្រេចបានរវាងប្រមុខរដ្ឋទាំងពីរ ហើយត្រៀមខ្លួនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិទាំងពីរបានប្រកាសថ្មីៗនេះថា យន្តហោះទម្លាក់គ្រាប់បែកចិន និងរុស្ស៊ីចំនួន ៤គ្រឿងបានធ្វើការល្បាតលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត កាលពីថ្ងៃសុក្រសប្តាហ៍មុន។ នាវាចម្បាំងមកពីប្រទេសទាំងពីរក៏បានធ្វើការល្បាតរួមគ្នាជាលើកដំបូងរបស់ពួកគេនៅក្នុងតំបន់ដូចគ្នាកាលពីខែមុនផងដែរ ខណៈអ្នកសង្កេតការណ៍និយាយថា សកម្មភាពស្រដៀងគ្នានេះអាចនឹងក្លាយទៅជាសកម្មភាពញឹកញាប់៕ ប្រភព៖ NHK

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner