រដ្ឋបាលលោក ចូ បៃដិន អញ្ជើញតៃវ៉ាន់អោយចូលរួមកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យនៅខែក្រោយនេះ ដែលនឹងធ្វើអោយចិនខឹងសម្បារជាថ្មី

វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ចូ បៃដិន បានអញ្ជើញប្រតិភូតៃវ៉ាន់អោយចូលរួមក្នុងកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ ដែលគ្រោងធ្វើឡើងនៅខែក្រោយនេះ ដែលប្រការនេះ នឹងធ្វើអោយចិនខឹងសម្បារជាថ្មី ព្រោះកោះតៃវ៉ាន់ត្រូវបានទីក្រុងប៉េកាំងចាត់ទុកត្រឹមតែជាទឹកដីចំណុះអោយប្រទេសខ្លួនប៉ុណ្ណោះ។

នៅក្នុងបញ្ជីអញ្ជើញរបស់ក្រសួងការបរទេសអាមេរិក មានអ្នកចូលរួមកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ តាមប្រព័ន្ធវីដេអូអនឡាញ សរុបចំនួន ១១០រូប ប៉ុន្តែមិនមានឈ្មោះ ចិន និងរុស្ស៊ីនោះទេ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ក្រោមប្រធានបទ «បង្កើតរបៀបវារៈដ៏ច្បាស់លាស់ សម្រាប់ការបន្តដំណើរនៃប្រជាធិបតេយ្យ»។ មេដឹកនាំរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ព្រមទាំងវិស័យឯកជននានាផ្សេងទៀត ត្រូវបានគេរំពឹងទុកថា នឹងប្រកាសអំពីគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តគ្រប់បែបយ៉ាង ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទាំងនៅក្នុង និងក្រៅប្រទេស។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលខាងលើនេះ ត្រូវបានគេមើលឃើញថា ជាការតេស្តពីការប្តេជ្ញាចិត្តរបស់លោក ចូ បៃដិន ដែលបានប្រកាសពីគោលនយោបាយការបរទេសដំបូងរបស់លោក នៅពេលស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែកុម្ភៈកន្លងទៅ ដែលថា រូបលោកអូសទាញសហរដ្ឋអាមេរិកអោយក្លាយជាអ្នកដឹកនាំពិភពលោកដ៏ល្អប្រសើរជាថ្មី ប្រឆាំងនឹងកម្លាំងផ្តាច់ការដែលដឹកនាំដោយចិន និងរុស្ស៉ី៕ ប្រភព៖ CNA

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner